ក្រោយផ្ទុះឡើងនូវករណីម្ចាស់ឱសថស្ថាន រស្មីអូឡាំពិកថ្មី លក់ថ្នាំកែប្រែកាលបរិច្ឆេទឱ្យពលរដ្ឋ ដែលត្រូវបានមហាជនរិះគន់ស្ទើរទូទាំងប្រទេស ទីបំផុត! ម្ចាស់ឱសថស្ថាន រស្មីអូឡាំពិកថ្មី ទម្លាក់យីហោយ៉ាងតក់ក្រហល់ និងបិទទ្វារអាជីវកម្ម ក្រោយផ្ទុះរឿងលក់ថ្នាំកែប្រែកាលបរិច្ឆេទ

ភ្នំពេញ៖ ក្រោយផ្ទុះឡើងនូវករណីម្ចាស់ឱសថស្ថាន រស្មីអូឡាំពិកថ្មី លក់ថ្នាំកែប្រែកាលបរិច្ឆេទឱ្យពលរដ្ឋ ដែលត្រូវបានមហាជនរិះគន់ស្ទើរទូទាំងប្រទេស ចំពោះការបំពានវិជ្ជាជីវៈជាគ្រូពេទ្យ យកជិវិតមនុស្សមកលេងសើច ពេលនេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ភ្លាមៗ..ម្ចាស់ឱសថស្ថាន ប្រញាប់ប្រញាល់បិទទ្វារ ទម្លាក់យីហោដោយខ្លួនឯងយ៉ាងតក់ក្រហល់…។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា«ពាក់ព័ន្ធករណីនេះ បន្ទាប់ពីទទួលបានដំណឹង ភ្លាមៗ..លោកបានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតដល់ទីតាំងឱសថស្ថាន ប៉ុន្តែពេលមន្ត្រីយើងទៅដល់ ម្ចាស់ឱសថស្ថាននោះហាក់ដឹងខ្លួនមុន ហើយក៏ប្រញាប់ប្រញាល់បិទទ្វារ និងបានទម្លាក់យីហោដោយខ្លួនឯង ព្រមទាំងទៅសុំច្បាប់បិទអាជីវកម្មពីច្រកចេញចូលតែមួយភ្លាមៗតែម្ដង។» ប៉ុន្តែទោះជាយ៉ាងណា លោកប្រធានមន្ទីរស្នើសុំមិនបង្ហាញអត្តសញ្ញាណម្ចាស់ឱសថស្ថាននេះទេ បើទោះបីជាឱសថស្ថានមួយនេះ បានសរសេរបញ្ជាក់នៅលើផ្ទាំងយីហោរបស់ខ្លួនកាលពីមិនទាន់ទម្លាក់ចេញថា ជា «ឱសថការីឧត្តម ឃុន មុយហ៊ាង» យ៉ាងណាក្ដី។ លោកប្រធានមន្ទីររាជធានី បានគូសបញ្ជាក់បន្ថែមថា មកទល់ពេលនេះលោកបានឯកភាពទៅលើសំណើជុំវិញការបិទឱសថស្ថានដោយខ្លួនឯង ជាស្ថាពរហើយ នឹងកំពុងបញ្ជូនរបាយការណ៍បន្តទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យ។

ជុំវិញការរុះរើស្លាកយីហោយ៉ាងតក់ក្រហល់នេះ មហាជនបាននិងកំពុងចោទជាសំណួរទៅកាន់មន្ត្រីជំនាញនៃក្រសួងសុខាភិបាលថា តើ ឱសថស្ថាន រស្មីអូឡាំពិកថ្មី ដែលមានម្ចាស់ជា(ឱសថការីឧត្តម ឃុន មុយហ៊ាង) អាចប្រឈមមុខចំពោះផ្លូវច្បាប់ដែរឬទេ? ឬមួយការដោះស្លាកយីហោទម្លាក់ចោល ហើយរត់ទៅលុបអាជ្ញាបណ្ណធ្វើអាជីវកម្មពីច្រកចេញចូលតែមួយភ្លាមៗបែបនេះ ពិតជាអាចបញ្ចប់រឿងរ៉ាវរបស់ខ្លួនដែលបានប្រព្រឹត្តហើយមែនទេ? បើធ្វើបែបនេះហើយអាចរួចខ្លួន តើច្បាប់បង្កើតឡើងដើម្បីអ្វី?យ៉ាងណា ជុំវិញចម្ងល់របស់មហាជននេះ ត្រូវបានលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឆ្លើយតបមកកាន់សារព័ត៌មានវិញថា ចំពោះចំណាត់ការបន្តទៅលើផ្លូវច្បាប់ លោកនឹងសិក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្ត្រីជំនាញសុខាភិបាល ដោយលទ្ធភាពក្នុងការបើកអាជីវកម្មឡើងវិញ គឺមិនអាចកើតមានឡើងឡើយ ព្រោះថា បុគ្គលនេះត្រូវស្ថិតនៅក្នុងបញ្ជីរខ្មៅរបស់មន្ត្រីជំនាញហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង