ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដឹកនាំដោយឯកឧត្តម Wang Wenbin
នាថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនិងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយមដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននៃគម្រោងសហប្រតិបត្តិការ និងវិនិយោគជាមួយសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹកនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ក្រោមយន្តការភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) យន្តការមេគង្គ-ឡានឆាង និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តនូវផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតនូវសហគមន៍វាសនារួមកម្ពុជា-ចិន (២០២៣-២០២៧)៕