សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រី ទទួលជួបសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុសថែមទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតរបស់ប្រទេសជាតិយើង ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បន្ថែមលើសនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។ សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែន ប្រកបដោយសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម និងដាក់ចេញនូវ”កម្មវិធីផ្តល់ដី ការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដេីម្បីផ្តល់ដីសម្បាទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ សម្រាប់កសាងលំនៅដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង