ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្តខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ មហោស្រព ណូអែល នៃក្តីស្រលាញ់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាទីលានស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលបានរៀបចំឡេីងដោយក្រុមជំនុំ ម៉េតូឌីស នៃខេត្តបន្ទាយមានជ័យ ដែលមានលោក គឹម វិវឌ្ឍ ជាអ្នកដឹកនាំ។
ក្នុងនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្ត បានលើកឡើងថា កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សេងៗ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ មានបញ្ញាឈ្លាស់វៃ ផងដែរ ជាមួយគ្នានោះដែរ លោកក៍បានក្រើនរំលឹកដល់កីឡាករ ថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។
លោក គឹម វិវឌ្ឍ ដែលជាគ្រូគង្វាលនៃក្រុមជំនុំ មេតូឌីស្ទ ខេត្តបន្ទាយមានជ័យ និជាអគ្គនាយកវិទ្យុ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ក្នុងឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើខុសឆ្គង ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។ ក៏ដូចជារឹងចំណងនៃក្តីស្រលាញ់ ក្នុងឱកាស មហោស្រពណូលអែល នៃក្តី្រសលាញ់ ហេីយជារៀងរាល់ឆ្នាំ ក្រុមជំនុំ ម៉េតូឌីស តែងតែរៀបចំព្រឹត្តិការណ៍កំសាន្ត សប្បាយផ្សេងៗ ដល់ប្រជាពលរដ្ធនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ជាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រកាសជាលទ្ធផល ក្រុមដែលលេីកពានរង្វាន់ លេខ១ បានទៅលេីក្រុមមហាជន ទទួលបានពាន ១ និងអមទឹកប្រាក់ចំនួន ៦០ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ត្រី បោន ប៑ិន បានឧបត្ថម្ភពីលើចំនួន ១លានរៀលបន្ថែមទៀត លេខ២ បានទៅលេី ក្រុមរដ្ធបាលក្រុង សិរីសោភ័ណ អមដោយទឹកប្រាក់ ៤០ ម៉ឺនរៀលនិងលោកឧត្តមសេនីយ៍ត្រី បោន ប៑ិន បានឧបត្ថម្ភពីលើចំនួន ៨០ម៉ឺនរៀលបន្ថែមទៀត លេខ៣ បានទៅលេីក្រុមសាលាខេត្ត បន្ទាយមានជ័យ អមទឹកប្រាក់៣០ ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ត្រីបោន ប៑ិន បានឧបត្ថម្ភពីលើចំនួន ៧០ម៉ឺនរៀល លេខ៤ បានទៅលេីក្រុមម៉េតូឌីស ព្រះពរ Power Cross អមជាមួយទឹកប្រាក់ ៣០ ម៉ឺនរៀល លោកឧត្តមសេនីយ៍ត្រីបោន ប៑ិន បានឧបត្ថម្ភពីលើ ចំនួន ៧០ ម៉ឺនរៀលបន្ថែមទៀតផងដែរ ៕