ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ

នៅរសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំង (MFI) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Toulouse ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធទាំងអស់ចំណុះក្រសួង មន្រ្តីមកពីអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោងរបស់ក្រសួង ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តពាក់ព័ន្ធនានា។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះផ្ទាល់ដល់ទីតាំងជាក់ស្តែងពេលនេះ ដើម្បីពិនិត្យមើលនូវការខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការរបស់ក្រសួងធនធានទឹក និងឧតុនិយមជាមួយនឹងដៃគូអភិឌ្ឍន៍នានា ក្នុងការបង្កើតនូវប្រព័ន្ធសន្តិសុខទឹក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រសួងបានខិតខំកសាង និងធ្វើទំនើបកម្មអាងទឹកឱ្យបានច្រើននៅតំបន់ភូមិភាគឦសាន ជាពិសេសក្នុងតំបន់ 5P ហើយធ្វើការទាញទឹកពីតំបន់ទាំងនោះមកកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីបង្កើតនូវប្រព័ន្ធតំបន់ដីសើមឱ្យបានសម្បូរណ៍បែប ក្នុងពេលមានការប្រែប្រួលអាកាសធាតុកាន់តែខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង