ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៣ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោកស្រី MIURA Yoshiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៣ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់នាពេលនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីមកពីនាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីមកពីមន្ទីររាជធានី-ខេត្តទាំង២៥ និងតំណាងកុងស៊ុលតង់សរុបប្រមាណ ១០០នាក់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងរបស់សិក្ខាសាលាពិគ្រោះយោបល់ គឺដើម្បីចែករំលែកអំពីវឌ្ឍនភាពការងារគម្រោងជូនដល់សិក្ខាកាម និងទទួលបានធាតុចូល ឬអនុសាសន៍បន្ថែមលើសេចក្តីព្រាងឯកសាររៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការរៀបចំផែនការ ការសិក្សាគ្រោងប្លង់ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់សិក្ខាកាមទាំងអស់ដែលអញ្ជើញមកពីក្រសួង ស្ថាប័ននានា គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ និងកុងស៊ុលតង់ ជួយផ្សព្វផ្សាយ និងប្រើប្រាស់ឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនេះឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព នៅពេលដែលឯកសារនេះរៀបចំចប់សព្វគ្រប់។
សូមបញ្ជាក់ថា គិតត្រឹមចុង ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គម្រោងបានរៀបចំឯកសារដូចខាងក្រោម៖ ទី១)សេចក្តីព្រាងចុងក្រោយឯកសារលក្ខណៈវិនិច្ឆ័យសម្រាប់រៀបចំគ្រោងប្លង់បណ្តុំសំណង់មេ (សំណង់ក្បាលហុងទឹក) និងសម្រាប់រៀបចំគ្រោងប្លង់ប្រឡាយ ទី២)សេចក្តីព្រាងចុងក្រោយសៀវភៅណែនាំបច្ចេកទេសសម្រាប់រៀបចំគ្រោងប្លង់បណ្តុំសំណង់មេ (សំណង់ក្បាលហុងទឹក) និងសម្រាប់ការគ្រោងប្លង់ប្រឡាយ និងទី៣)គំនូរប្លង់ស្តង់ដាបច្ចេកទេសសម្រាប់ប្រឡាយ៕