នៅទីបំផុត សពបុរសជាឃា..តករ វា..យស..ម្លាប់ស្ត្រីម្នាក់លក់ភេសជ្ជៈនៅស្តុបណតប្រ៊ីដ ត្រូវបានគេប្រទះឃើញអណ្តែត ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សពបុរសជាឃាតករវាយសម្លាប់ស្ត្រីម្នាក់លក់ភេសជ្ជៈនៅស្តុបណតប្រ៊ីដ ត្រូវបានគេប្រទះឃើញអណ្តែតក្រោយសណ្ឋាគារកាំបូឌីយ៉ាណា នៅចំណុចមាត់ច្រាំងក្រោយសណ្ឋាគារកាំបូឌីយ៉ាណាក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សពឃាតករមានភិនភាគ សម្បុរសណ្តែកបាយ ពាក់អាវក្រៅក្រឡាការ៉ូ អាវក្នុងយឺតដៃខ្លី ពណ៌ត្រេអុី និងស្លៀកខោខូវប៊យជើងវែង ពណ៌ខ្មៅ ។តាមប្រភពព័ត៌មានពីសន្តិសុខបានប្រាប់ឱ្យដឹងថា មុនពេលប្រទះឃើញសពអណ្តែតទឹកនេះ គាត់បានដើរមើលជុំវិញផែអូប័រ ដើម្បីសម្អាតកំប្លោក ក៏ស្រាប់តែប្រទះឃើញសពបុរសម្នាក់អណ្តែតផ្កាប់មុខនៅជាប់មាត់ច្រាំងទន្លេក្បែរផែអូប័ររបស់សណ្ឋាគារកាំបូឌីយ៉ាណានេះតែម្តង ។ ភ្លាមៗគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យសពអណ្តែតទឹកនេះ ។

សពបុរសនៅផ្នែកដៃខាងឆ្វេងមានសាក់ឈ្មោះ អូន លក្ខិណា គឺដូចទៅនឹងពាក្យបណ្តាំដែលបន្សល់ទុកជាពាក្យបណ្តាំលើស្ពានជ្រោយចង្វា ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា គឺជាបុរសឃាតករ ដែលក្រោយពីវាយសម្លាប់ស្ត្រីអ្នកលក់ភេសជ្ជៈហើយបានមកលោតទឹកសម្លាប់ខ្លួន ។
ក្រោយសពបានអណ្តែត សមត្ថកិច្ចជំនាញផ្នែកចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើកោសល្យវិច័យលើសាកសព ។ បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់ សពបានយកទៅតម្កល់នៅវត្តកប់ស្រូវក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ត្រីជាអ្នកលក់ភេសជ្ជៈម្នាក់ខណៈអង្គុយនៅលើរ៉ឺម៉កម៉ូតូលក់ភេសជ្ជៈនៅក្បែរស្តុបណតប្រ៊ីដផ្លូវ២០០៤ ត្រូវបានបុរសជាឃាតករបានឈប់ម៉ូតូនៅផ្លូវម្ខាងទៀតរួចចុះពីលើម៉ូតូ ដោយដៃកាន់ថង់មួយដើរទៅរកស្ត្រីរងគ្រោះ ។ លុះដើរជិតដល់ ឃាតករបានដកដែកថ្នាំងអំពៅចេញពីថង់ វាយសំពងយ៉ាងចាស់ដៃ ត្រូវក្បាលស្ត្រីរងគ្រោះ បណ្តាលឱ្យដាច់ផ្ងារធ្លាក់ពីលើម៉ូតូរ៉ឺម៉ក់ស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកបុរសជាឃាតករ បានរត់ទៅជិះម៉ូតូចាកចេញពីចំណុចកើតហេតុ សំដៅទៅកាន់ស្ពានជ្រោយចង្វា ហើយបានទុករូបថតនិងសំបុត្របណ្តាំមួយសន្លឹក នៅលើស្ពានរួចហក់លោតទៅក្នុងទឹកតែម្តង ។
នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វានោះ គឺជាឃាតករដែលវាយសម្លាប់ស្ត្រីជាអ្នកលក់ភេសជ្ជៈនៅចំណុចស្តុបណតប្រ៊ីដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមនគរបាលឲ្យដឹងទៀតថា ឃាតករបានជិះម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ មួយគ្រឿងបានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះរួចក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពវាយទៅលើជនរងគ្រោះនិងរូបថត៣សន្លឹក ព្រមទាំងទូរស័ព្ទ១គ្រឿង ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្តុបណតប្រ៊ីដផ្លូវ២០០៤ មុខការដ្ឋានសាងសង់ធនាគារABA ក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ជុំវិញការសម្លាប់នេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ពីមូលហេតុនៃការវាយសម្លាប់នោះទេ តែប្រភពខ្លះថាស្ត្រីនេះបានលែងលះប្តី តែមិនទាន់ដាច់ស្រេច ហើយក៏បានទំនាក់ទំនងស្នេហាជាមួយបុរសរូបនេះឈ្មោះ សុខ រំចង់ ហេតុនេះការសម្លាប់អាច ជាការប្រចណ្ឌទៅលើស្ត្រីអ្នកលក់ភេសជ្ជៈនេះ ។ ទោះបីជាបែបណា វាគាប់ជួនគ្នាដែលសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តកប់ស្រូវក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅដែរ ៕

អត្ថបទដែលជាប់ទាក់ទង