អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៥០មេហ្គាវ៉ុលអំពែរ ភ្ជាប់លើខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីឧត្តុង្គ ទៅអនុស្ថានីយអគ្គិសនីកំពង់ចាម ស្ថិតនៅក្បែរនឹងទីប្រជុំជនស្គន់ ក្នុងភូមិថ្មី ឃុំសូទិន ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
អគ្គិសនីកម្ពុជា បានកំពុងតែអនុវត្តការងារសាងសង់អនុស្ថានីយអគ្គិសនីស្គន់ ដែលគម្រោងនេះស្ថិតក្នុងក្របខណ្ឌកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែ ដោយសារការងារសាងសង់អនុស្ថានីយនេះត្រូវចំណាយពេលយូរប្រមាណជាងមួយឆ្នាំកន្លះ ទៅពីរឆ្នាំទៀត ទើបរួចរាល់អាចដាក់ឱ្យដំណើរការបាន អគ្គិសនីកម្ពុជា បានសម្រេចវិនិយោគ បន្ទាន់លើប្រភេទអនុស្ថានីយ Modular នេះ ដើម្បីប្រើប្រាស់បណ្តោះអាសន្នក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ចំពោះមុខ ដែលបច្ចុប្បន្នមានតម្រូវការថាមពលកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រឧស្សាហកម្ម ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ទីប្រជុំជនស្គន់ រហូតដល់អនុស្ថានីយអគ្គិសនីស្គន់ក្នុងគម្រោង ADB សាងសង់រួច នឹងបង្កើនអនុភាពផ្គត់ផ្គង់បន្ថែម ៧៥មេហ្គាវ៉ុលអំពែរ ដែលនឹងកើនដល់ ១២៥មេហ្គាវ៉ុលអំពែរ។
អគ្គិសនីកម្ពុជា ធ្លាប់បានសាកល្បងប្រើប្រាស់អនុស្ថានីយប្រភេទនេះ ដោយជោគជ័យកាលពីឆ្នាំ២០២០ តែក្នុងកម្រិត តង់ស្យុង ១១៥គីឡូវ៉ុលប៉ុណ្ណោះ។ សម្រាប់អនុស្ថានីយអគ្គិសនីស្គន់ ជាប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រព័ន្ធបញ្ជា និងប្រព័ន្ធការពារត្រូវបានរៀបចំដាក់ក្នុងកុងទឺន័រ ដែលមានលក្ខណៈងាយស្រួលក្នុងការរុះរើ ដឹកជញ្ជូន និងដំឡើងពីទីតាំងមួយទៅទីតាំងមួយទៀត។
ការដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ គឺជាជំហានដ៏សំខាន់ក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានប្រសិទ្ធភាព ក៏ដូចជាបានបំពេញតម្រូវការរបស់ក្រុមហ៊ុនឯកជននៅតំបន់សេដ្ឋកិច្ចពិសេស និងការរស់នៅប្រកបដោយផាសុខភាព សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ ស្រុកបាធាយ និងផ្នែកខ្លះស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពីមុនតំបន់នេះ ធ្លាប់បានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីកំពង់ចាម ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រ និងបង្កឱ្យមានការរអាក់រអួលជារឿយៗ។
អនុស្ថានីយអគ្គិសនីថ្មីនេះ មិនត្រឹមតែផ្តល់ឱ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភពខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ អនុស្ថានីយនេះជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មីស្រឡាងដែលជាប្រភពផ្គត់ផ្គង់ថ្មី ដល់ប្រជាពលរដ្ឋនៅតំបន់នេះ៕