រកឃើញនារីម្នាក់ ដែលបាត់ច្រើនម៉ោង នៅក្នុងបន្ទប់ជួលមួយកន្លែង

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ចាកចេញពីផ្ទះទៅជាមួយមិត្តភក្ដិប្រុសដោយមិនបានប្រាប់អាណាព្យាបាលអោយដឹង ដោយមិនឃើញនាងត្រឡប់មកវិញ ក្រុមគ្រួសារភ័យខ្លាចគេយកទៅធ្វើបាប ក៏នាំគ្នារត់ទៅប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍រកឃើញនៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួលមួយកន្លែងចំណុចភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ វេលាម៉ោង៩ថ្ងៃទី៧ខែមករាឆ្នាំ២០២៥ ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឌុបប្អូនរបស់ខ្លួនចេញពីផ្ទះទៅបាត់អស់ជាច្រើនម៉ោង ។ ដោយមិនឃើញនាងត្រឡប់មកវិញ ដោយមានការសង្ស័យខ្លាចចាញ់បោកការលួងលោមខាងប្រុសយកទៅធ្វើបាប ក៏ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ស្វែងរកភ្លាមៗ ។
បន្ទាប់ពីទំនាក់ទំនងតាមទូរស័ព្ទ និងឆែកតាមឡុកខេសិនទៅឃើញបាត់នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិខាងលើក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក៏ស្នើសុំអោយម្ចាស់ផ្ទះជួលចូលរួមសហការជាមួយដើម្បីឆែកឆេររកទៅឃើញនារីខាងលើកំពុងតែនៅក្នុងបន្ទប់លេខ២ជួបជុំគ្នាជាមួយមិត្តភ័ក្ដិមានប្រុសស្រី ។
ពេលសមត្ថកិច្ចសួរនាំ នារីរូបនេះបានឆ្លើយបញ្ជាក់ថា មូលហេតុដែលខ្លួនចាកចេញពីផ្ទះមិនបានប្រាប់ឲ្យបងប្អូនដឹងនោះដោយសារមិត្តភ័ក្ដិស្រីដែលស្គាល់គ្នាគេហៅមកចូលរួមខួបកំណើត ហើយគេគំរាមថាបើមិនបានមកចូលរួមកម្មវិធីនេះទេនឹងមានរឿងថ្ងៃក្រោយជាក់ជាមិនខានឡើយ ។ ដូច្នេះហើយទើបនាងចាកចេញដោយមិនបានប្រាប់នោះ ហើយអ្នកទាំងពីរបានឆ្លើយបដិសេធថាពួកគេមិនបានធ្វើអ្វី ខុសសីលធម៍នោះឡើយហើយក៏មិនមែនជាសង្សារនឹងគ្នាដែរ គឺជាមិត្តភ័ក្ដិរាប់អានគ្នាប៉ុណ្ណោះ។
បន្ទាប់ពីរកឃើញហើយខាងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសដែលទៅឌុបនារីខាងលើយកទៅសួរនាំបំភ្លឺនៅនគរបាលប៉ុស្តិ៍កាកាបទី១ ៕

អត្ថបទដែលជាប់ទាក់ទង