ប្រជាពលរដ្ឋជិត៣០នាក់ ត្រូវមេជាង បើកប្រាក់ពីម្ចាស់ផ្ទះ ជាង៨លានរៀល រួចគេចខ្លួនបាត់ ធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្ត នាំគ្នាទៅរកមេភូមិ ជួយអន្តរាគមន៍
ខេត្តប៉ៃលិន ៖ ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាទៅជួបមេភូមិ ដើម្បីជួយអន្តរាគមន៍នេះ បានកើតឡើងនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រជាពលរដ្ឋជិត៣០នាក់ ត្រូវមេជាង បើកប្រាក់ពីម្ចាស់ផ្ទះ ជាង៨លានរៀល រួចគេចខ្លួនបាត់ ធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្ត នាំគ្នាទៅរកមេភូមិ ជួយអន្តរាគមន៍ ដោយអ្នកខ្លះពោលថា ខំប្រឹងរត់ទៅស៊ីឈ្នួលធ្វើសំណង់ផ្ទះគេ ទាំងប្រពន្ធដេកឈឺ ដើម្បីបានប្រាក់ព្យាបាល តែមេជាងអត់បើកឱ្យ ដោយចាំបាត់ៗ រហូតដល់ប្រពន្ធស្លាប់ចោល ព្រោះគ្មានលុយព្យាបាល អ្នកខ្លះទៀតថា ទាំងប្តីប្រពន្ធ និងកូន នាំគ្នាទៅស៊ីឈ្នួលធ្វើកម្មករសំណង់ ទាំងជីវភាពត្រដាបត្រដួស សង្ឃឹមប្រាក់ទិញអាហារហូបប្រចាំថ្ងៃ លុះនាំគ្នាធ្វើការពី១ខែ ទៅ១ខែ គេអត់បើកប្រាក់ឱ្យ រង់ចាំរហូតដល់ជិត៣ខែ ស្រាប់តែមេជាងបើកប្រាក់ពីម្ចាស់ផ្ទះ រត់គេចខ្លួនបាត់ស្រមោល ដែលធ្វើឱ្យពួកគាត់កាន់តែជួបនឹងបញ្ហាខ្វះខាតសម្រាប់ជីវភាពកាន់តែខ្លាំងឡើងៗ ។
បើតាមការរៀបរាប់ពីឈ្មោះ សុត្រ ប៊ុនរឿន ភេទប្រុស អាយុ៦៩ឆ្នាំ, ឈ្មោះ ចៅ ផាត់ចន ភេទប្រុស អាយុ៤៤ឆ្នាំ, និងឈ្មោះ អាត ភេទប្រុស អាយុ៦៧ឆ្នាំ បានឱ្យដឹងដូចៗ គ្នាថា ៖ មានបុរសម្នាក់ ឈ្មោះ អៀម មកពីរាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់ផ្ទះច្រើនខ្នង ជារបៀបផ្ទះបឹងកាឡូ នៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបាននាំយកមេជាងម្នាក់ មកជាមួយឈ្មោះ ឌុល អាយុប្រហែល៤០ឆ្នាំ រស់នៅខេត្តកំពត ។
ប្រភពបន្តទៀតថា ពេលនោះពួកគាត់ ក៏បានប្រមូលគ្នាទៅធ្វើការសំណង់ ដោយអ្នកខ្លះ ទទួលបានប្រាក់កម្រៃ ១ថ្ងៃ ៣ម៉ឺនរៀល អ្នកខ្លះ៥ម៉ឺនរៀល លុះពេលធ្វើផ្ទះបាន១ខែ ស្រាប់តែមេជាង និយាយកុហកភូតភរថា ឱ្យខិតខំប្រឹងប្រែងធ្វើទៅ ត្រឹមតែ៣ ទៅ៤ថ្ងៃទៀត នឹងបើកប្រាក់ជូនពួកគាត់គ្រប់ៗគ្នា។ តែអ្វីៗ មិនដូចពាក្យសន្យារបស់មេជាងឡើយ ដោយឱ្យចាំ ១ថ្ងៃហើយ ១ថ្ងៃទៀត រហូតដល់១ខែ នៅតែមិនព្រមបើកជូនពួកគាត់។ ចំណែកម្ចាស់ផ្ទះវិញ បានប្រាប់ពួកគាត់ថា ទោះបីជាមេជាងបើកថវិការួចរត់គេចខ្លួន ក៏គាត់នឹងខិតខំប្រឹងប្រែងដោះស្រាយជូនដែរ។ តែអ្វីៗ សុទ្ធតែបោកប្រាស់ពួកគាត់ទាំងអស់ ខណៈដែលមេជាងគេខ្លួនបាត់ ស្រាប់តែម្ចាស់ផ្ទះ និយាយក្រឡាស់សម្តី មិនទទួលខុសត្រូវដែរ ដោយឱ្យពួកគាត់ទៅទារពីមេជាងខ្លួនឯង។ ដូច្នេះ ពួកគាត់ លំបាកខ្លាំង ដោយត្រូវមេជាងអត់បើកថវិកាឱ្យ គឺអ្នកខ្លះជាង១លានរៀល ខ្លះទៀតជាង២លានរៀល ហើយក៏គ្មានលុយ សម្រាប់ទិញម្ហូបអាហារសម្រាប់ទទួលទានដែរ។ ទើបពួកគាត់នាំគ្នាទៅជួបមេភូមិឱ្យជួយអន្តរាគមន៍ ជាមួយម្ចាស់ផ្ទះ និងជួយទាក់ទងហៅមេជាងឱ្យត្រឡប់មកដោះស្រាយជូនវិញ ។
លោក អៀម ជាម្ចាស់ផ្ទះ បានឱ្យដឹងតាមទូរស័ព្ទថា លោកអត់បានសន្យា សងប្រាក់ជំនួសមេជាងនោះទេ ព្រោះខាងលោក បានបើកប្រាក់ឱ្យគេអស់ហើយ ក៏អត់បានសន្យាសងជំនួសអ្វីដែរ មានតែប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះ ទាក់ទងស្វែងរកមេជាង ដើម្បីសងប្រាក់ថ្លៃពលកម្ម ។
ចំណែកលោក ហែម វណ្ណា មេភូមិទួលខៀវ បានឱ្យដឹងថា ខាងលោកមិនអាចជួយអ្វីដល់បងប្អូនប្រជាពលរដ្ឋទាំងនោះបានទេ មានតែពាំនាំពាក្យទាំងនេះ ទៅថ្នាក់លើ ដើម្បីជួយដោះស្រាយបន្ត ។
ចំណែកប្រជាពលរដ្ឋខាងលើ នឹងនាំគ្នាដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាល ព្រមទាំងឡើងទៅមន្ទីរការងារខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍ ខណៈដែលមេជាង បានបោកប្រាស់ថវិកាកម្លាំងញើសឈាមពួកគាត់។ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តប៉ៃលិន មេត្តាជួយដោះស្រាយជូនពួកគាត់ផងដែរ ៕