លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការទី៥នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា ដើម្បីស្វែងយល់ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនារតីនៃប្រទេសកម្ពុជា ចែកជា៣ក្រុង ៣ស្រុក មាន ១៨ឃុំ ១១សង្កាត់ និង ១១១ភូមិ (ក្រុងថ្មីមួយនឹងបង្កើតនាពេលខ្លីខាងមុខ គឺក្រុងកំពង់សោម) ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ និងចំណូលជាធម្យមសម្រាប់មនុស្សម្នាក់ GDP ៤៦០២ដុល្លាអាមេរិក ជួយកាត់បន្ថយភាពក្រីក្រធ្លាក់ចុះមកត្រឹម១,២២ភាគរយ។ ខេត្តព្រះសីហនុ មានធនធានធម្មជាតិ រួមមានកោះតូចធំ៣២ ថ្មដុះ១ និងថ្មប៉ប្រះទឹក៥ ព្រៃកោងកាង វាលទំនាប ខ្ពស់រាប ភ្នំ ឧទ្យានជាតិលើគោក និងឧទ្យានបាតសមុទ្រ ឆ្នេរសមុទ្រ ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោល ដៅទេសចរណ៍ប្រកបដោយប្រជាប្រិយ៍ ដែលប្រសិទ្ធនាមថា “តារារះនាទិសនារតី”។
លោកអភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ ដែលមានកំពង់ផែទឹកជ្រៅ ដែលកំពុងធ្វើការអភិវឌ្ឍជាបីតំណាក់កាល រហូតដល់ឆ្នាំ២០២៩ មានជម្រៅទឹករហូតដល់ ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាធុនធំអាចចូលចតបានជួយកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងការធ្វើពាណិជ្ជកម្ម ដោយសារលក្ខណៈភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ។ ក្នុងវិបត្តកូវីដ-១៩ រោងចក្រក្នុងខេត្តព្រះសីហនុ បានដំណើការជាធម្មតា ដោយសារគោលនយោបាយចាក់វ៉ាងកសាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយតម្រង់ទិសជំរុញវិស័យឧស្សាហកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប តំបន់ដឹកជញ្ជូន អភិវឌ្ឍប្រកបដោយចីរភាព (ស្ទឹងហាវ) វិស័យកសិឧស្សាហកម្ម (កំពង់សិលា) វិស័យទេសចរណ៍លំដាប់ខ្នាតអន្តរជាតិ (តំបន់កោះ) មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគផ្លូវថ្នល់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។ ទន្ទឹមនោះខេត្តព្រះសីហនុ ក៏មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់វែងជាងគេនៅកម្ពុជា មានប្រវែង ៣.៣០០ម៉ែត្រ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា ដឹកនាំប្រតិភូធ្វើទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ការអនុវត្តច្បាប់សារព័ត៌មាន ច្បាប់អន្តោប្រវេសន៍សម្រាប់ជនបរទេស ការផ្តល់បណ្ណការងារជូនជនបរទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅច្រកទ្វារអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែនជាមួយប្រទេសជិតខាង ការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាជ្ញាធរខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រធានគណ:កម្មការទី៥នៃព្រឹទ្ធសភា បានធ្វើការលើកយកសំណួរ ក្នុងនោះ៖ ១. យុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស និង២. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។
ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រធានគណ:កម្មការទី៥ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា នៅឆ្នាំ២០២៤ យើងបានធ្វើការបណ្តុះបណ្តាលធនធានមនុស្សបានចំនួន ១.២០០នាក់ ប្រមាណជា១០ភាគរយនៃផែនការ។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធយើងមានផ្លូវដែក ដឹកជញ្ជូនកុងតឺន័រតាមផ្លូវដែក និងការដឹកជញ្ជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ។ ទន្ទឹមនោះរាជរដ្ឋាភិបាលបានអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ យើងសម្រេចបាន២១៣គម្រោង ក្នុងនោះ ១១៣គម្រោងពាក់ព័ន្ធទៅនឹងអគារជាប់គាំងនៅខេត្តព្រះសីហនុ ហើយរដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីពិសេសជំរុញការលើកទឹកចិត្តការវិនិយោគនៅខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៥បន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណសម្រាប់សមិទ្ធផលថ្មីៗដែលកើតមានឡើងនៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ពិសេសខេត្តមានការអភិវឌ្ឍលឿន អាចក្លាយជាស្មាតស៊ីធីនៅពេលខាងមុខ ពិសេសការអភិវឌ្ឍធនធានមនុស្សក្លាយជាកម្មករជំនាញបម្រើឱ្យវិស័យឧស្សាហកម្ម ៕