ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំគណៈប្រតិភូសមាជិកអាជ្ញាធរទន្លេសាប ដែលជាតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ដើម្បីចុះសិក្សាស្វែងយល់ពីបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង និងស្ថានីយបូមទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអន្តរក្រសួងបានអញ្ជើញចុះពិនិត្យបង្គោលព្រំតំបន់៣ និងតំបន់អភិរក្សជីវៈចម្រុះបឹងពារាំង ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ដែលបង្កើតឡើងតាំងពីឆ្នាំ២០១៦ ស្ថិតនៅប៉ែកខាងត្បូងជាប់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្នុងខេត្តសៀមរាប បន្ទាប់ពីការផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពឆ្នាំ២០២៤ ទំហំផ្ទៃដីបឋម តំបន់១ មានទំហំ ៦៦៧០០,៩០ ហិកតា តំបន់២ មានទំហំ ៩០៣៥២ ហិកតា និងតំបន់ ៣ មានទំហំ ១០០៨០៥,៦០ ហិកតា ព្រមទាំងមានបង្គោលព្រំតំបន់៣ ចំនួន ២៩៩បង្គោល ដែលត្រូវបានបោះចប់សព្វគ្រប់១០០% កាលពីឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៥នេះ ក្រុមការងារនឹងបន្តបោះបង្គោលព្រំតំបន់២ ចំនួន ៤៧២ បង្គោលទៀត។
ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍ ស្នើសុំដើម្បីធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ ប្រឡាយទឹក និងផ្លូវធ្វើដំណើរជាដើម ឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងបញ្ជាក់ថា នៅក្នុងតំបន់៣នេះ ច្បាប់បានចែងយ៉ាងច្បាស់ជាតំបន់ហាមឃាត់ដាច់ខាត មិនអាចប៉ះពាល់បានទេ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានធ្វើទស្សនកិច្ចនៅស្ថានីយបូមទឹកជ្រាវ ដែលបម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ស្ថិតនៅជាប់មាត់បឹងទន្លេសាប ក្នុងតំបន់៣ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាករទឹកស្វយ័តខេត្តសៀមរាបរៀបចំធ្វើបច្ចុប្បន្នភាពលើបរិមាណតម្រូវការទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្តសៀមរាបនៅរដូវប្រាំង និងរដូវវស្សា ដោយធ្វើការសិក្សាទាំងតម្រូវការក្នុងបណ្តាញ និងក្រៅបណ្តាញ ហើយរាយការណ៍មកក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជាឯកសារយោងក្នុងការធ្វើផែនការវិនិយោគនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង