ក្រសួងការពារជាតិ ឈ្នះមេដាយមាសស្ទើរគ្រប់វិញ្ញាសា ក្នុងជើងឯកវាយកូនបាល់ថ្នាក់ជាតិ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលទើបរៀបចំការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ ដោយក្រុមអត្តពលិកក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ ពោលគឺដណ្ដើមបានមេដាយមស្ទើរគ្រប់វិញ្ញាសា ។
យោងតាមលទ្ធផលបច្ចេកទេសពីគណៈកម្មការរៀបចំការប្រកួត ក្រុមកីឡាវាយកូនបាល់ក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយមាស ៤ និសំរឹទ្ធ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ មេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ១, ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយប្រាក់១, ខេត្តសៀមរាប ឈរលេខ៤ ឈ្នះមេដាយសំរឹទ្ធ២ និងខេត្តកណ្តាល ឈរនៅលេខ៥ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
ក្រោយបញ្ចប់ការប្រកួតលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានអត្តពលិកមកពី ៨ក្លិបចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនីសរុប ៦១នាក់ ។ ការប្រកួតនេះ អនុវត្តទៅតាមកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសដល់អត្តពលិក ដែលបានខិតខំហ្វឹកហាត់រយៈពេលពេញ ១ឆ្នាំកន្លងមក ។
បន្ទាប់ពីដំណើការប្រកួតរយៈពេល ៥ថ្ងៃ ការប្រកួតទទួលបានលទ្ធផលល្អប្រសើរ ដោយលោកបានវាយតម្លៃថា តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធសម្រិតសម្រាំងបានកីឡាករ-កីឡាការិនីជយលាភី ដែលមានគុណភាពបច្ចេកទេសខ្ពស់ៗ ប្រកបដោយទេពកោសល្យ និងសមត្ថភាព ព្រមទាំងស្មារតីអង់អាចក្លាហាន ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ ៕