ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជន តែងតែនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករាឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ស្នំក្រពើ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុមការងារគណបក្សចុះជួយស្រុកគងពិសី ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះជួយខេត្ត ស្រុក និងឃុំសរុបប្រមាណ ៣០០នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋទំងឡាយ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការឆ្លើយតបទាន់ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរបស់ខ្លួនរហូតមក។
សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មី នៅឃុំស្នំក្រពើនាឱកាសនេះ រួមមាន កម្មករ ១៣៥នាក់, ប្រជាកសិករ ១២០នាក់, និងសិស្សនិស្សិត ៤៥នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង