គណៈប្រតិភូខេត្តមណ្ឌលគិរី ចូលរួមអបអរសាទរ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាជនខេត្តដាក់ឡាក់ វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម
មណ្ឌលគិរី៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិវៀតណាម ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក លន់ សុភាព អភិបាលរងខេត្តមណ្ឌលគិរី តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្ត ដឹកនាំគណៈប្រតិភូនៃខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមអបអរសាទរ និងជូនពរ ឯកឧត្តម សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាបក្សខេត្តដាក់ឡាក់ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំបក្សរដ្ឋ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៃខេត្តដាក់ឡាក់ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ង្វៀន ធៀនវ៉ាន់ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ ដែលប្រព្រឹត្តទៅទីក្រុងបួនម៉ាធួត ខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
លោក លន់ សុភាព អភិបាលរងខេត្តមណ្ឌលគិរី ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី សូមចូលរួមអបអរសាទរ និងជូនពរដ៏ស្មោះអស់ពីចិត្ត ចំពោះ ឯកឧត្តម ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំបក្សរដ្ឋ មន្ត្រីរដ្ឋការ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ កងទ័ព និងប្រជាជនក្នុងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសនៃការអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម នាថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ លោក អភិបាលរងខេត្ត គូសបញ្ជាក់ថា ជាការពិតណាស់ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និយាយរួម និងនិយាយដោយឡែក រវាងខេត្តមណ្ឌលគិរី ជាមួយខេត្តដាក់ឡាក់ កើតមានឡើងតាំងពីយូរលង់ណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ដែលបានធ្វើឱ្យចំណងទំនាក់ទំនងរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពល្អប្រសើរឡើង ជាពិសេស លើការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងការសេដ្ឋកិច្ច សង្គកិច្ច និងការងារសន្តិសុខ សណ្តាប់ធ្នាប់ ។
ឯកឧត្តម ង្វៀន ធៀនវ៉ាន់ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ បានថ្លែងអំណរគុណដល់ប្រតិភូនៃខេត្តមណ្ឌលគិរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ រួមទាំងមន្រ្តីរាជការ និងប្រជាជនទាំងអស់ នៃខេត្តដាក់ឡាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាមនាពេលនេះ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងខេត្តយើងទាំងពីរ នាពេលកន្លងមក និងបន្តជំរុញការងារកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អ ប្រសើរឡើងថែមទៀត នាពេលអនាគត ក្នុងនោះដែរ ខេត្តទាំងពីរ ក៏បានយកចិត្តទុកដាក់បន្តអនុវត្តការងាររឹតចំណងមិត្តភាព សាមគ្គីភាពនេះ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការចាត់តាំងប្រតិភូខេត្ត ធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការចូលរួមអបអរសាទរ និងជូន ពរក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសនីមួយៗ៕