ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករស្ថិតនៅខេត្តសៀមរាប

ខេត្តសៀមរាប÷នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប និងសហការី ព្រមទាំងមន្ត្រីកសិកម្មឃុំ និងដោយមានការចូលរួមពីលោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក អាជ្ញាធរភូមិ ឃុំ ប្រជាកសិករឃុំសំរោងយារ និងឃុំព្រៃជ្រូក សរុបចំនួន ២៥នាក់ បានចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់កសិករ អឿន ល័ក្ខ នៅភូមិគោកពោធិ៍ ឃុំកែវពណ៌ ស្រុកពួក ដែលគាត់បានដាំដុះពូជនេះអស់រយៈពេល៦ឆ្នាំមកហើយ ដោយទទួលបានប្រាក់ចំណេញរាល់ឆ្នាំ មិនដែលខាតឡើយ។
ដំណើរនៃការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពន្យល់ប្រជាកសិករអំពីការជ្រើសប្រភេទពូជស្រូវសម្រាប់ការដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារ ព្រមទាំងជួយសម្របសម្រួល និងដោះស្រាយបញ្ហារបស់ប្រជាកសិករ។
ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានណែនាំឱ្យប្រជាកសិករប្រើពូជស្រូវកម្ពុជាសម្រាប់ដាំដុះ ជាពិសេសពូជសែនក្រអូប០១ ដែលជាពូជស្រូវមានស្ថិរភាពតម្លៃទៅតាមទីផ្សារ និងបម្រើឱ្យការនាំចេញផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប សម្រាប់ការដាំដុះដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ពីព្រោះការចងក្រងសហគមន៍កសិកម្មទំនើបប្រជាកសិករនឹងទទួលបានបច្ចេកទេស ទុនវិនិយោគ មិនព្រួយបារម្ភបញ្ហាទីផ្សារ ជាពិសេសតម្លៃលក់ផលិតផលកសិកម្ម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្វែងយល់ពីការលក់ធាតុចូលកសិកម្ម នៅដេប៉ូលក់ជី និងថ្នាំកសិកម្ម ព្រមទាំងពូជដំណាំមួយចំនួនស្ថិតនៅទីរួមស្រុកពួកផងដែរ។ ក្នុង ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យម្ចាស់ដេប៉ូ ត្រូវធ្វើអាជីវកម្មលក់ជី ថ្នាំកសិកម្ម និងពូជដំណាំ ដែលបានចុះកិច្ចបញ្ជីកាទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ និងណែនាំអំពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដល់កសិករអ្នកប្រើប្រាស់។
ចុងបញ្ចប់ ឯកឧត្តម បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីកសិកម្មឃុំ ត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងដោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាកសិករដែលបានជួបប្រទះ៕

អត្ថបទដែលជាប់ទាក់ទង