រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ជួយបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលជំនួសឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេងឥន្ទនៈសកល។
ការលើកឡើងរបស់លោកជំទាវ ចម និម្មល បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ីអន សែនសុខ។
ឆ្លៀតនាឱកាសនោះនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យចាប់យកឱកាសនេះ ដើម្បីចូលរួមវិនិយោគ និងអភិវឌ្ឍបន្ថែម លើផ្នែកនិងសេវាសក្តានុពល ពាក់ព័ន្ធជាច្រើនទៀត រួមមាន៖ (១). ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, (២). ការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយថាមពលកកើតទ្បើងវិញ, (៣). ការធានាបាននូវស្តង់ដារគុណភាព និងការធានាបាននូវសេវាថែទាំ ជួសជុល និងសេវាពាក់ព័ន្ធដទៃទៀត, (៤). ការការពារបរិស្ថាន, (៥). ការអភិវឌ្ឍជំនាញក្នុងវិស័យយានយន្តអគ្គិសនី, (៦). ការបង្កើតនូវមូលដ្ឋានផ្គត់ផ្គង់គ្រឿងបង្គុំ/គ្រឿងបន្លាស់ដែលមានគុណភាព និងតម្លៃសមរម្យ ក្នុងស្រុកសម្រាប់ផ្គត់ផ្គង់តម្រូវការ ស្របតាមការនិន្នាការកើនទ្បើងនៃការប្រើបាស់រថយន្តអគ្គិសនី និង(៧). ការគិតគូរដល់ការវិនិយោគលើរោងចក្រដំទ្បើងយានយន្តអគ្គិសនីនៅកម្ពុជា។
តាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី (EV) បានចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% (ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង