អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ, ឯកឧត្តមប្រធានសាលាដំបូងខេត្តក្រចេះ, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ រួមមាន តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តក្រចេះ សរុបចំនួន ២៣០រូប។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកឡើងអំពីគោលបំណងសំខាន់ក្នុងការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ក៏បានបន្ថែមដែរថា អ.ដ.ក. គឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ៖ (១)-ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (២)-ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។
ក្នុងឱកាសនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តក្រចេះ អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តក្រចេះ ៕

អត្ថបទដែលជាប់ទាក់ទង