រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាថ្ងៃ២២ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសំដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ត និងសូមធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការសហការរៀបចំឲ្យមានអង្គសន្និបាតឡើងនាពេលនេះ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីធ្វើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងនូវលទ្ធផលការងារ ដែលបានអនុវត្តនៅក្នុង ឆ្នាំ២០២៤ កន្លងមក ធ្វើការត្រួតពិនិត្យលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ឬសំណើ ដំណោះស្រាយផ្សេងៗ និងលើកទិសដៅការងារបន្តរួមគ្នាអនុវត្តនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ សំដៅរួមសហការគ្នាក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារដែលនៅសេសសល់ និងបន្តសហការអនុវត្តការងារថ្មីៗថែមទៀតនៅក្នុងឆ្នាំថ្មីខាងមុខ។ ឯកឧត្តម បញ្ជាក់ថា ដើម្បីជាត្រីវិស័យក្នុងការអនុវត្តការងារឲ្យសម្រេចបានជោគជ័យទៅតាមផែនការ ដែលបានគ្រោងទុក និងចូលរួមចំណែកអនុវត្តឱ្យបានកាន់តែល្អប្រសើរនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តម បន្ថែមថា ក្រៅពីរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក៏នៅមានការធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានវសុវត្ថិភាព ការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងមានការធ្វើបទអន្តរាគមន៍បណ្តាមន្ទីរ អង្គភាពមួយចំនួន រួមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់ លោក លោកស្រី ដែលត្រូវឡើងធ្វើបទអន្តរាគមន៍ ធ្វើការបែងចែកក្រុមពិភាក្សា ឡើងធ្វើបទបង្ហាញតាមក្រុម និងឡើងមានចំណាប់អារម្មណ៍ ចូលរួម សូមរក្សានូវពេលវេលា ដែលបានកំណត់ដោយក្រុមលេខាធិការ ហើយសូមលើកតែចំណុចណា ដែលសំខាន់ៗ ដោយសង្ខេបអំពីបញ្ហាប្រឈម សំណើដំណោះស្រាយ សំណូមពរ និងទិសដៅការងារ ដែលត្រូវធ្វើការពិភាក្សា ដើម្បីធ្វើយ៉ាងណាឲ្យអង្គសន្និបាតរបស់យើងមានដំណើរការល្អ ប្រព្រឹត្តទៅដោយភាពរលូន ទទួលបានលទ្ធផលជាផ្លែផ្កា និងសម្រេចបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក៕