ក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកតាំងគោក និងស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និងទី២២ ខែមករា ឆ្នាំ២០២៥។
សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដោយធ្វើការបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ប្រឡាយមេស្ទឹងជីនិត ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ធំ ក្នុងនោះ ១)ឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ទី២)ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ទី៣)ឃុំទ្រៀល ស្រុកតាំងគោកចំនួន ២០៤ហិកតា និងទី៤)ឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។
ជាលទ្ធផល នៅថ្ងៃទី២១ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង ក្នុងឃុំសាន់គបានចំនួន ១៨៩ហិកតា ឃុំកំពង់ថ្មបាន ៧៩ហិកតា ឃុំទ្រៀលបាន ៥៥ហិកតា និងឃុំបន្ទាយស្ទោងបាន១២ហិកតា។ ដោយឡែកនៅថ្ងៃទី២២ កិច្ចអន្តរាគមន៍បូមទឹកជួយសង្គ្រោះនៅឃុំសាន់គរបាន ២២០ហិកតា ឃុំកំពង់ថ្មបាន ៩២ហិកតា ឃុំទ្រៀលបាន ៧៧ហិកតា និងឃុំបន្ទាយស្ទោងបាន ៣៣ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំកំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ដោយយកចិត្តទុកដាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង