ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញកែលម្អចំណុចខ្វះខាត និងការពង្រឹងការអនុវត្តគម្រោងការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម

នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការកែលម្អចំណុចខ្វះខាត និងការពង្រឹងការអនុវត្តគម្រោងការងារនានារបស់ក្រសួងធនធានទឹក និងឧតុនិយម អង្គភាពក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ តាមរយៈរបាយការណ៍លទ្ធផលចុះអធិការកិច្ចរបស់ក្រសួងអធិការកិច្ចឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងបង្កើតយន្តការពង្រឹងការអនុវត្តគម្រោងការងារនានា ដើម្បីធ្វើការកែលម្អលើចំណុចខ្វះខាត ដូចបានលើកឡើងនៅក្នុងរបាយការណ៍ចុះអធិការកិច្ចរបស់ក្រសួងអធិការកិច្ចឆ្នាំ២០២៣ សំដៅជំរុញឱ្យការអនុវត្តការងារក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង។
សូមជម្រាបថា កាលពីឆ្នាំកន្លងទៅ ក្រសួងអធិការកិច្ចបានចាត់គណៈប្រតិភូចុះធ្វើអធិការកិច្ចការអនុវត្តការងារមួយចំនួនរបស់ក្រសួងធនធានទឹក និងឧតុនិយម អង្គភាពក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ ដែលរួមមាន៖ ១)ការអនុវត្តតួនាទី-ភារកិច្ច ២)ការសាងសង់ ជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រនិងច្រាំងទន្លេ ៣)ការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក ៤)ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រកសិករក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយបានរកឃើញមានចំណុចល្អជាច្រើន ព្រមទាំងចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលម្អ។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ឱ្យដឹងថា អង្គប្រជុំបានទទួលស្គាល់នូវចំណុចខ្វះខាតទាំង១០ ចំណុច ដែលបានលើកឡើងនៅក្នុងរបាយការណ៍លទ្ធផលអធិការកិច្ចរបស់ក្រសួងអធិការកិច្ចឆ្នាំ២០២៣ និងបានបញ្ជាក់ថា នាយកដ្ឋានទាំង១២នៃក្រសួងធនធានទឹក និងឧតុនិយមបានឯកភាពជំរុញការកែលម្អ ដើម្បីឱ្យការអនុវត្តការងារនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង