ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យការងារនាំទឹកពីស្ទឹងព្រែកត្នោតបញ្ជូនមកកាន់អាងទឹកទន្លេបាទី ក្នុងខេត្តតាកែវ

នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យការងារនាំទឹកពីតំបន់ខាងលើស្ទឹងព្រែកត្នោតមកផ្គត់ផ្គង់ឱ្យតំបន់ទន្លេបាទីក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការនាំទឹកមកាន់តំបន់ទន្លេបាទីគឺដើម្បីយកទៅជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពប្រមាណ ៤ពាន់ហិកតា នៅតាមបណ្តាឃុំមួយចំនួន ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំបូមទឹកពីស្ទឹងព្រែកត្នោតបញ្ជូនចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងខ្វះខាតទឹក សំដៅជួយដោះបញ្ហាប្រឈមចំពោះមុខរបស់ប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង