ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥
នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅយ៉ាងផុសផុល ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ហើយពិធីបិទសន្និបាតបានធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់។
សូមបញ្ជាក់ថា កសិកម្ម ជាវិស័យមួយដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយបានកំណត់ក្នុងគោលនយោបាយអាទិភាព ៦ចំណុច និងបានចាត់បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ និងជំរុញបង្កើតសហគមន៍កសិកម្មទំនើបនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍របស់បងប្អូនកសិករ៕