រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យពង្រឹងការយកចិត្តទុកដាក់បញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់ឡើងវិញបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមទីប្រជុំជន សំដៅលើកកម្ពស់សោភ័ណភាពក្នុងការរស់នៅឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ លោកអភិសន្ដិបណ្ឌិត ស សុខា បានទាញការចាប់អារម្មណ៍ថា ក្នុងមួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍កាន់តែមានភាពកាចសាហាវជាងមុខ និងតែងបង្កឲ្យមានការបាត់បង់ជីវិតជាបន្ដបន្ទាប់ ពិសេសក្នុងរាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ បានបន្សល់នូវសោដនកម្មយ៉ាងសោកសៅបំផុត ពិសេសចំពោះក្រុមគ្រួសារជនរងគ្រោះ។ លើសពីនេះ ប្រៀបដូចជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។
ជាចំណែកមួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោកអភិសន្ដិបណ្ឌិត ស សុខា ណែនាំឲ្យពង្រឹងឡើងវិញចំពោះការគ្រប់គ្រងម៉ោងចេញ-ចូលក្នុងរាជធានីភ្នំពេញ របស់រថយន្ដធុនធំ រថយន្ដក្រឡុកស៉ីម៉ង់ជាដើម ដែលកន្លងទៅហាក់មានការឆក់ល្វែង ហើយលោកឃើញថា រថយន្ដក្រឡុកស៉ីម៉ង់ខ្លះមិនគោរពទៅតាមម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ក៏ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ក៏ត្រូវបន្ដលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួន ពិសេសទីតាំងកម្សាន្ដសប្បាយ កុំឲ្យមានការលួចបង្កប់ការប្រើប្រាស់គ្រឿងញៀន។
ដោយឡែក ចំពោះការរៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ឡើងវិញនៅតាមបណ្ដាខណ្ឌទាំង១៤ ជៀសវាងការលក់ដូរនៅលើចិញ្ចើមផ្លូវ ដែលបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់ និងម្យ៉ាងទៀតជាបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។ នេះអ្វីដែលឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំបន្ថែម។
សូមជម្រាបថា ក្នុងសន្និបាតនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការ នៃអង្គសន្និបាត ដែលមានអ្នកចូលរួមជាង១,០០០នាក់ ហើយក្នុងដំណើរការ នៃអង្គសន្និបាត២ថ្ងៃនេះ បានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងបានលើកយកប្រធានបទចំនួន៦ មកពិភាក្សា។
អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធកត្តាមនុស្ស និងផលប្រយោជន៍ឯកជន ដូច្នេះវិការធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកលើកទឹកចិត្តឲ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នា គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ៕