លោកតាធាក់ស៊ីក្លូរងគ្រោះថ្នាក់ចរាចរណ៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់ថវិកា ២០លានរៀល ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ ជាក់ស្តែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល រួមជាមួយភេសជ្ជៈ ផ្លែឈើមួយចំនួនទៀត ជូនដល់លោកតា ម៉ែន សុខ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល និងចិញ្ចឹមជីវភាពបន្តទៅមុខទៀត។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះលោកតាដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។
លោកជំទាវ បានគូសបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលដែលបានដឹងដំណឹងនេះហើយ លោកមានការព្រួយបារម្ភពីសុខទុក្ខរបស់លោកតា ចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយខាងមន្ទីរពេទ្យ ហើយថ្ងៃនេះ លោកបានចាត់ឱ្យសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកគ្រឿងភេសជ្ជៈ ផ្លែឈើ និងថវិកា ជូនដល់លោកតា និងសូមឱ្យលោកតាឆាប់បានជាសះស្បើយឡើងវិញ មានសុខភាពល្អ និងអាយុយឺនយូរ។»
លោកតា ម៉ែន សុខ មានក្តីរំភើបរីករាយឥតឧបមា ដោយទទួលបានការឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យលោកតាមានភាពកក់ក្តៅ ក្តីសង្ឃឹម និងឈប់ប្រកបរបរធាក់ស៊ីក្លូដូចមុនទៀតហើយ។ លោកតា សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាបតទៅ។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ជួបការលំបាក ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬព័ណ៌សម្បុរអ្វីឡើយ។ ជាក់ស្តែងចំពោះអ្នកប្រកបមុខរបរធាក់ស៊ីក្លូនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ម្តងរួចមកហើយ។
សូមជម្រាបជូនថា បន្ទាប់ពីបានសួរសុខទុក្ខជាមួយលោកតា ម៉ែន សុខ រួចមក ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ អគ្គលេខាធិការ បានបែងចែកជា ៣ក្រុម ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់អ្នកជំងឺចំនួន ៥២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ទាំងមូលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង