សន្ទុះនៃវិស័យទេសចរណ៍ចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងជំរុញភាពធន់ និងកំណើនសេដ្ឋកិច្ច

ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ ប្រជាជននៅទូទាំងប្រទេសចិនតែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនាតំបន់កម្សាន្តនានា ។ ការធ្វើដំណើររបស់ប្រជាជនចិនរាប់រយលាននាក់ក្នុងអំឡុងពេលដ៏មមារញឹកនេះ គឺជាការចល័តទីមនុស្សធំជាងគេបំផុតនៅលើពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការចំណាយក្នុងស្រុក។
តាមការប៉ាន់ស្មាន ការធ្វើដំណើរក្នុងស្រុកនាអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ មានចំនួនប្រមាណ ៩ពាន់លានដំណើរ កើនឡើង ៦% ធៀបនឹងឆ្នាំ២០២៤ ។ តួរលេខនេះមិនត្រឹមតែបង្ហាញពីឆន្ទៈរបស់ប្រជាជនក្នុងការធ្វើដំណើរទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើកនៃការងើបឡើងវិញនូវវិស័យទេសចរណ៍ចិន បន្ទាប់ពីការរំខានជាច្រើនឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។
ជាក់ស្តែង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងសណ្ឋាគារនានា បានទទួលការកក់ពីអតិថិជនក្នុងកំណត់ត្រាមួយដ៏ខ្ពស់ ខណៈតំបន់ទេសចរណ៍នានាបានព្យាយាមពង្រឹងសេវាកម្ម និងធ្វើពិពិធកម្មសកម្មភាពកម្សាន្តនានា សំដៅផ្តល់នូវបទពិសោធន៍ល្អៗដល់ភ្ញៀវទេសចរ នាអំឡុងពិធីបុណ្យដ៏រីករាយនេះ។ ទាំងនេះបានបញ្ជូនសញ្ញាវិជ្ជមានដល់ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់ចិន។
ក្រៅពីសន្ទុះនៃទេសចរណ៍ក្នុងស្រុក ប្រទេសចិនក៏មើលឃើញពីនិន្នាការនៃកំណើនទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសស្របពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការបន្ធូរបន្ថយទិដ្ឋាការ ដែលរួមមានគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការជាមួយប្រទេសចំនួន ៥៤ និងការអនុញ្ញាតដោយឯកតោភាគីឱ្យប្រទេសចំនួន ៣៨ ធ្វើដំណើរទៅប្រទេសចិនដោយមិនត្រូវការទិដ្ឋាការ។ យោងតាមរបាយការណ៍របស់រដ្ឋបាលអន្តោប្រវេសន៍ជាតិចិន ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ប្រទេសចិនបានទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៩,២២ លាននាក់ ក្នុងនោះមាន ១៧,៤៥ លាននាក់ចូលទៅកាន់ប្រទេសចិនក្រោមគោលនយោបាយគ្មានទិដ្ឋាការ។
ទន្ទឹមនឹងនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីករយៈពេលឆ្លងកាត់ដោយគ្មានទិដ្ឋាការពី ៧២ និង ១៤៤ម៉ោង រហូតដល់ ២៤០ ម៉ោង (១០ថ្ងៃ) កាលពីពេលថ្មីៗនេះ នឹងចាក់បញ្ចូលនូវសន្ទុះថ្មីបន្ថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ជាមួយនឹងវិធានការនេះ ភ្ញៀវទេសចរអន្តរជាតិនឹងមានឱកាសទៅទស្សនាប្រទេសចិនក្រោមលក្ខខណ្ឌកាន់តែប្រសើរឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដើម្បីចូលរួមប្រារព្ធពិធីនេះជាមួយនឹងភាពកក់ក្តៅនៃបដិសណ្ឋារកិច្ចរបស់ប្រជាជនចិន និងទទួលយកបទពិសោធន៍ថ្មីក្នុងការយល់ដឹងពីវប្បធម៌រាប់ពាន់ឆ្នាំរបស់ចិន ព្រមទាំងអាចទស្សនាតំបន់កម្សាន្តដ៏សម្បូរបែបរបស់ចិន រួមមានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងស្ថាបត្យកម្មទំនើប។
ក្នុងបរិបទនេះ រំហូរនៃកំណើនទេសចរអន្តរជាតិទៅប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ឧស្សាហកម្មទេសចរណ៍ចិន ដែលនឹងរួមចំណែកដល់ការជំរុញនវានុវត្តន៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន ដែលរកស៊ីទទួលទានដោយផ្ទាល់ និងប្រយោលក្នុងវិស័យនេះ។
សរុបមក ការចល័តទីរបស់ប្រជាជនចិន និងរំហូរនៃកំណើនទេសចរអន្តរជាតិក្នុងអំឡុងពេលដ៏មមារញឹកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឡើងវិញនូវភាពរស់រវើកនៃវិស័យទេសចរណ៍ចិន ដែលនឹងចាក់បញ្ចូលនូវសន្ទុះថ្មីក្នុងការកសាងភាពធន់ និងបង្កើនកំណើនសេដ្ឋកិច្ចចិន។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង