លោកជំទាវ ងិន សូនាថ ចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ នៅស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងដំណើរបេសកកម្មនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានពន្យល់បំភ្លឺដល់ប្រជាកសិករអំពីបញ្ហាតម្លៃស្រូវដែលបានធ្លាក់ចុះជាងឆ្នាំមុន និងបានផ្សព្វផ្សាយពីសារៈសំខាន់នៃការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ផលចំនេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋលេខាធិការ បានចុះពិនិត្យទីតាំងបូមទឹកនៅអាងទឹកទំនប់ម្កាក់ ដើម្បីអាចសង្រ្គោះដំណាំស្រូវដែលបាននឹងកំពុងខ្វះទឹកបានទាន់ពេលវេលា នៅឃុំស្ពានត្នោតចំនួន ៥០០ហិកតា ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញអោយយកចិត្តទុកដាក់ខ្ពស់តាមដានលើបញ្ហានេះឱ្យបានជាប្រចាំ។
ជាកិច្ចបន្ទាប់ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្តដំណើរជួបជាមួយអាជីវករលក់ធាតុចូលកសិកម្ម និងសំណេះសំណាលជាមួយកសិករ នៅក្នុងសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលផ្តោតទៅលើការធ្វើពិពិធកម្មកសិកម្មរួមមានដំណាំស្រូវ បន្លែ និងការចិញ្ចឹមសត្វ។ ដោយយល់ឃេីញពីសក្តានុពលខ្ពស់ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សហគមន៍កៀរគរសមាជិកបន្ថែមទៀត ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងមានផលប្រយោជន៍យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង