យន្តហោះ American Airlines បុកជាមួយឧទ្ធម្ភាគចក្រ នៅទីក្រុង Washington DC សហរដ្ឋអាមេរិក
ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកជាមួយឧទ្ធម្ភាគចក្រយោធា កាលពីថ្ងៃពុធសប្ដាហ៍នេះ ពេលកំពុងធ្វើដំណើរជិតទៅដល់អាកាសយានដ្ឋានជាតិ Ronald Reagan របស់ទីក្រុង Washington DC សហរដ្ឋអាមេរិក ។
មន្ត្រីបាននិយាយថា យន្តហោះបានធ្លាក់ក្នុងទន្លេ Potomac ហើយទូកស្វែងរក និងក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់នោះភ្លាមៗ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា យន្តហោះក្នុងតំបន់ Bombardier CRJ700 ដែលផ្ទុកមនុស្សដល់ទៅ ៧៨ នាក់ បានបុកជាមួយឧទ្ធម្ភាគចក្រ ខណៈកំពុងជិតដល់ផ្លូវរត់នៅម៉ោងប្រហែល២១:០០ ម៉ោងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈប្រភពផ្សេងៗទៀត និយាយថាគេមិនទាន់ច្បាស់ទេថាមានអ្នកដំណើរប៉ុន្មាននាក់នៅលើយន្តហោះនោះ។
ព័ត៌មានស្ដីពីអ្នករបួស ឬស្លាប់ នៅពុំទាន់ត្រូវបានបញ្ជាក់ភ្លាមៗទេ ទន្ទឹមនឹងទីភ្នាក់ងារសង្គ្រោះជាច្រើនកំពុងប្រឹងប្រែងជួយសង្រ្គោះ នេះបើយោងតាមនគរបាល ក្រុងវ៉ាស៊ីនតោនឌីស៊ី។
យោងតាមប្រភពពីទីភ្នាក់ងារខាងលើ ឲ្យដឹងថា ជើងហោះហើរ Flight 5342 របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ហោះហើរពីទីក្រុង Wichita រដ្ឋ Kansas សហរដ្ឋអាមេរិក ៕