ក្រុមការងារអន្តរាគមន៍បន្តរាយការណ៍ពីវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីវឌ្ឍនភាពនៃការបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង នៃខេត្តកំពង់ធំ។
សូមជម្រាបថា ក្នុងកិច្ចអន្តរាគមន៍ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿងបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ស្ទឹងសែន ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំងក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ឃុំព្រៃគុយ ស្រុកកំពង់ស្វាយចំនួន ១២២ហិកតា និងឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។
ជាលទ្ធផល គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងក្នុងឃុំសាន់គបានចំនួន ៥០២ហិកតា ឃុំកំពង់ថ្មបាន ២០ហិកតា ឃុំព្រៃគុយបាន ១១ហិកតា និងឃុំបន្ទាយស្ទោងបាន ១៩០ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ កំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំខាងលើ ដោយការយកចិត្តទុកដាក់បំផុត៕