ភ្ញាក់ផ្អើល! បុរសជាជនជាតិចិនចំនួន០២នាក់ ស្លា..ប់ជាបន្តបន្ទាប់ នៅពេលមិត្តភក្តិជាជនជាតិចិនដូចគ្នា បានដឹកតាមរថយន្តទំនើប០១គ្រឿងមកកាន់នៅមន្ទីរពេទ្យឯកជនមួយ ដែលមានយីហោ «ថៃខាង» នៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ មករា ឆ្នាំ២០២៥ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ មានករណីបុរសជាជនជាតិចិនចំនួន០២នាក់បានស្លាប់ជាបន្តបន្ទាប់ នៅពេលមិត្តភក្តិជាជនជាតិចិនដូចគ្នា បានដឹកតាមរថយន្តទំនើប០១គ្រឿងមកកាន់នៅមន្ទីរពេទ្យឯកជន មួយដែលមានយីហោ «ថៃខាង» នៅក្រុងបាវិត ។

ទាក់ទិនករណីនេះដែរ លោក គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននាថ្ងៃ៣០ មករា ឆ្នាំ២០២៥ នេះថា បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងជាបឋមថា ការស្លាប់របស់ជនជាតិចិនទាំងពីនាក់ គឺមូលហេតុ ផឹកស្រាលើសកម្រឹតស្រា និងបើតាមការធ្វើតេស្តរកសារធាតុញៀន ជនរងគ្រោះទាំងពីរនាក់មានប្រើប្រាស់គ្រឿងញៀនផងដែរ។
ករណីនេះគឺកើតឡើងតាំងពីយប់ថ្ងៃទី២៨ មករា ឆ្នាំ២០២៥ មាន៣ករណី ក្នុងនោះទី១-ជនជាតិវៀតណាម ម្នាក់ធ្វើការនៅកាស៊ីណូសៀងហៃ ភូមិសំរោងឃុំសំរោងស្រុកចន្ទ្រា មានអាការៈមិនស្រួលខ្លួន ត្រូវបុគ្គលិកកាស៊ីណូដឹកបញ្ជូនមកមន្ទីរពេទ្យមិត្តភាពវៀតណាម-កម្ពុជា ទួលស្តី ឃុំទួលស្តីស្រុកចន្ទ្រា ក៏ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតាមផ្លូវ ។
ជនជាតិចិនទាំងពីរនាក់នេះ មុនពេលកើតហេតុពួកគេផឹកស្រាជាមួយគ្នា ផឹកលើសកម្រឹតស្រា ក៏មានអាការណៈសន្លប់ទាំង០២នាក់ត្រូវមិត្តភក្តិ ជនជាតិចិនដូចគ្នាដឹកតាមរថយន្តមកកាន់មន្ទីរពេទ្យ ឯកជន «ថៃខាង»ក្រុងបាវិតដើម្បីសង្គ្រោះ។ ចំពោះសពទាំង០៣នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅ រាជធានីភ្នំពេញកន្លែងដំកល់សព ជនបរទេសនិងដើម្បីសមត្ថកិច្ចពិនិត្យនិងធ្វើការស្រាវជ្រាវតាមនីតិវិធីបន្ថែមទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសាកសួរសាក្សី បានឲ្យដឹងថា មានជនជាតិចិនមួយក្រុមបានដឹកជនរងគ្រោះ តាមរថយន្តទំនើប០១គ្រឿងម៉ាក្ស ឡង់គ្រិសស័រ ពណ៌ស មិនចាំផ្លាកលេខបាន ដឹកជូនអ្នកជម្ងឺទៅព្យាបាលនៅមន្ទីរពេទ្យ ថៃខាង ទល់មុខផ្ទះសំណាក់ថៃអាង ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ដោយមានមិត្តភ័ក្តរបស់អ្នកជម្ងឺទៅជាមួយ ។
ចំណែកជនជាតិចិនម្នាក់បានប្រាប់សមត្ថកិច្ចថា បន្ទាប់ពីបានជូនអ្នកជម្ងឺនិងមិត្តភ័ក្តរបស់គេចូលដល់មន្ទីរពេទ្យថៃខាង ពេលនោះខ្លួនបានសួរគ្រូពេទ្យថាអ្នកជម្ងឺដែលយកមកមុនទៅណាហើយ?
ភ្លាមនោះគ្រូពេទ្យបានប្រាប់ខ្លួនថាអ្នកជម្ងឺមុននេះមានសភាពធ្ងន់ធ្ងរពេកត្រូវបានគេបញ្ជួនទៅមន្ទីរពេទ្យផ្សេងហើយ(មិនបានដឹងថាទៅពេទ្យណាឡើយ) ក្រោយមកខ្លួនក៏ជិះរថយន្តត្រឡប់មកក្លឹបវិញតែម្ដង។
ប្រភពបន្តថា បើតាមការសន្និដ្ឋាន ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ ការឆែកកាមេរ៉ាសុវត្តិភាព លោកគ្រូពេទ្យជំនាញនិងសមត្ថកិច្ចយើងអាចសន្និដ្ឋានបានថា ឈ្មោះ WEI JUN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន និងឈ្មោះថាំង គ័ងវួយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងប្រភេទអាំហ្វេតាមីន។
បច្ចុប្បន្ន ដោយមានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការយល់ព្រមពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សាកសព ទាំងពីរនាក់បានបញ្ជូនតាមរថយន្ដយកទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ រក្សាទុកនៅសាលរក្សាសពវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង