លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រមាណ ២០៥ហិកតា ក្នុងឃុំទ្រៀល ស្រុកតាំងគោគ និងជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកចំនួន៥ ក្នុងស្រុកសន្ទុក និងស្រុកតាំងគោគ ខេត្តកំពង់ធំ
នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកចំនួន៥ គឺសហគមន៍ស្ទឹងជីនិត សហគមន៍ហ៊ុនសែនបារាយណ៍ សហគមន៍ត្នោតជុំបល្ល័ង្ក និងសហគមន៍តាំងក្រសាំង ដែលកម្មវិធីនេះបានធ្វើឡើងនៅសហគមន៍តាំងក្រសាំងស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំ។
លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នាពេលនេះគឺដើម្បីពិនិត្យស្ថានភាពទឹកជាក់ស្តែង ការងារបូមទឹកអន្តរាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៥ ឱ្យយកចិត្តទុកដាក់លើការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តឱ្យមាននិរន្តរភាពយូរអង្វែង។
សូមជម្រាបថា កិច្ចជំនួបសំណេះសំណាលនេះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ទី១)ពន្យល់ណែនាំដល់កសិករឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង និងការចូលរួមថែរក្សាប្រព័ន្ធធារាសាស្រ្ត ទី២)ពន្យល់ណែនាំ និងផ្តល់បច្ចេកទេសថែទាំទំនប់ ប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រង ការបែងចែកទឹកដោយមានកាលវិភាគបែងចែកទឹកឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការចាំបាច់ ទី៣)ណែនាំសមាជិក សមាជិកាស.ក.ប.ទ. ក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍ ទី៤)ពន្យល់ណែនាំដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការថែរក្សាបរិស្ថានស្អាតល្អ នៅតាមទំនប់ តាមអាងទឹក និងតាមប្រព័ន្ធប្រឡាយស្រោចស្រព ទី៥)ផ្សព្វផ្សាយដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ទី៦)ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចូលរួមសហការជាមួយ ស.ក.ប.ទ. ក្នុងការប្រមូលសេវាទឹក ទី៧)ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំចំនួន៤ របស់ក្រសួងធនធានទឹក និងឧតុនិយមដល់ ស.ក.ប.ទ. ឱ្យបានយល់ដឹង និង ទី៨)ផ្សព្វផ្សាយ និងបញ្ជ្រាបការងារយេនឌ័រក្នុង ស.ក.ប.ទ.។
ក្នុងឱកាសនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកា ស.ក.ប.ទ. បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលបានកំពុងដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋប្រមាណ ២០៥ហិកតា ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ផងដែរ៕