ក្រុមការងារអន្តរាគមន៍បន្តរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ៩គ្រឿង ដោយធ្វើការបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ស្ទឹងសែន ស្ទឹងស្ទោង ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ១៦៦៧ ហិកតា ក្នុងនោះ ទី១)ឃុំសាន់គ និងឃុំព្រៃគុយ នៃស្រុកកំពង់ស្វាយចំនួន ១១២២ហិកតា ទី២)ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា និងទី៣)ឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងបានចំនួន ៧៥២ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំកំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ដោយការយកចិត្តទុកដាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង