ជំនួបពិភាក្សាការងារ រវាង គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និង រដ្ឋបាលខេត្តតាកែវ

តាកែវ៖ នាថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ព្រមទាំង សម្ដេចរាជបុត្រី ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញចុះមកសិក្សាឈ្វេងយល់ពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំង សមិទ្ធផល និងបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងវិស័យក្នុងគណៈកម្មការទី១០ នៃព្រឹទ្ធសភា នៅរដ្ឋបាលខេត្តតាកែវ។
ជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោកអភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តពាក់ព័ន្ធជាច្រើនរូបផងដែរ។
មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្រ្តទូទៅ និងសក្ដានុពលសំខាន់ៗក្នុងខេត្ត ព្រមទាំង សម្ដែងការសោមនស្សរីករាយ និងមោទនភាពដ៏ជ្រាលជ្រៅ ស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះ វត្តមាន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះសិក្សាឈ្វេងយល់ការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនៅក្នុងវិស័យរបស់ គណៈកម្មការទី១០ នៃព្រឹទ្ធសភា នៅរដ្ឋបាលខេត្តតាកែវ។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា ក៏សូមពាំនាំបណ្ដាំសាកសួរសុខទុក្ខពី សំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវទាំងអស់គ្រប់លំដាប់ថ្នាក់។
បន្ថែមពីនេះដែរ ឯកឧត្តម ប្រធានគណៈកម្មការទី១០ ក៏បានសម្ដែងថ្លែង ការកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ រដ្ឋបាលខេត្តតាកែវ ទាំងអស់ ដែលបានអនុវត្តការងាររបស់ខ្លួន បានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវផងដែរនោះ៕

អត្ថបទដែលជាប់ទាក់ទង