(សម្តេចបវរធិបតី ហ៊ុន ម៉ាណែត) ដាក់ចេញវិធានការមុតស្រួច បង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្ស ដោយបង្កើតគណៈកម្មការដឹកនាំដោយសម្តេចផ្ទាល់ ដើម្បីលើកមុខមាត់កម្ពុជា (Video inside)
(ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសដាក់ចេញនូវវិធានការដ៏មុតស្រួចមួយ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដោយបង្កើតឱ្យមានគណៈកម្មការមួយ ដែលដឹកនាំដោយសម្តេចផ្ទាល់ អមដោយឧបនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញនេះ គឺក្រសួងស្ថាប័ន្ធពាក់ព័ន្ធបានអនុវត្តន៍ជាប្រចាំ ដោយមានការចុះបង្ក្រាប និងចាប់បញ្ជូនជនបរទេសចេញពីប្រទេសជាបន្តបន្ទាប់។ ប៉ុន្តែការឆបោកអនឡាញនេះ ប៉ះពាល់សន្តិសុខសង្គម និងមុខមាត់ជាតិរបស់យើង ដូច្នេះត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសទាំងអស់នេះ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា «រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ឆ្នាំថ្មីនេះ យើងរៀបចំដំឡើងកម្រិតយន្តការអន្តរក្រសួងថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីដឹកនាំ ហើយមានឧបនាយករដ្ឋមន្ត្រីមួយចំនួនធំ ដូចជា ឯកឧត្តម នេត សាវឿន ឯកឧត្តម ស សុខា ឯកឧត្តម ទៀ សីហា ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម កើត រិទ្ធ និងពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ។ គណៈកម្មការចំពោះកិច្ចមួយ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជាមួយបទល្មើសឆបោកអនឡាញនេះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងកងទ័ព ដើម្បីធ្វើកិច្ចការងារនេះ ធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ព្រោះពាក់ព័ន្ធមុខមាត់ប្រទេសជាតិរបស់យើង»។
ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ជាមួយគ្នានេះ សម្តេចបានជំរុញរដ្ឋបាលរាជធានីខេត្ត, ស្នងការរាជធានីខេត្ត, អាវុធហត្ថរាជធានីខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀម លក្ខណៈដើម្បីសហការគ្នា ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្សនេះ។
សម្តេចបញ្ជាក់ថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ មិនមែនកើតឡើងតែកម្ពុជាទេ នៅបណ្តាប្រទេសអាស៊ាន និងប្រទេសនានានៅលើពិភពក៏មានកើតឡើង។ សម្រាប់កម្ពុជា បានចាត់ការជាបន្តបន្ទាប់តាំងពីអាណត្តិមុន រហូតមកដល់អាណត្តិនេះ ហើយត្រូវបង្កើតសហថាមពល ដើម្បីដោះស្រាយបញ្ហាបទល្មើសទាំងនេះ៕