សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា មិនមានការផ្លាស់ប្តូររដ្ឋមន្រ្តី ដូចពាក្យចចាមអារ៉ាមនោះទេ សូមមន្រ្តីធ្វើការដោយស្ងប់ចិត្តចុះ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមនោះទេ។ សម្តេចបានស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត។
ការប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
សម្តេចបានបញ្ជាក់ថា រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយមន្រ្តីមិនបាច់ធ្វើការទេ ចាំមេថ្មីមកទៅ។
សម្តេចបវរធិបតី បានលើកឡើងដូច្នេះថា «ខ្ញុំមិនបានប្រកាសជាសាធារណៈទេ ប៉ុន្តែខ្ញុំបានប្រាប់រដ្ឋមន្រ្តីទាំងអស់ ក្នុងអង្គប្រជុំ ហើយសូមឱ្យប្រាប់គ្នាផង ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេមកប្រាប់ខ្ញុំទៀតហើយថា “បងអើយអត់ស្ងាត់ទេ” ឥឡូវខ្ញុំសូមប្រកាសតាមនេះតែម្តងទៅ អញ្ចេះខ្ញុំសូមប្រាប់ ព្រោះដូររដ្ឋមន្រ្តីអី បើនាយករដ្ឋមន្រ្តីអត់ដឹងផង យូរៗប្រពន្ធខ្ញុំមកថាខ្ញុំលាក់គាត់ទៀត ព្រោះគេប្រាប់គាត់ៗថាច្បាស់»។
«ខ្ញុំសូមអញ្ចេះទី១ណា រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់ នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ អីចឹងសូមឱ្យរលត់ទៅរឿងនេះ។»នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេច។
សម្តេចបានអំពាវនាវដល់មន្រ្តីបណ្តាក្រសួងទាំងអស់ធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក។ សម្តេចបានបញ្ជាក់ថា «កុំចាំអ៊ុតមើលមេណា ព្រោះសិទ្ធិក្នុងការស្នើសុំចាត់តាំង តែងតាំងមន្រ្តី គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ប្រយ័ត្នតែចាំអ៊ុតមើលមេភ្លេចខ្លួនឯង ប្រយ័ត្នរដ្ឋមន្រ្តីស្នើសុំដូរខ្លួនឯងចេញវិញ»។
បើតាមសម្តេចបវរធិបតី ពេលនេះគឺរដ្ឋមន្រ្តីទាំងអស់ កំពុងខិតខំបំពេញការងាររៀងៗខ្លួន ដែលត្រូវចេះរក្សាលំនឹងបន្តទៀត៕