ជនអន្ធពាល៣នាក់ មិនដឹងជាផឹកស្រវឹងមកពីណានោះទេ បានជិះម៉ូតូ១គ្រឿងចូលទៅក្នុងវត្តសំបួរមាស រួចវាយទាត់ធាក់សាមណេរ3អង្គ
ភ្នំពេញ ៖ ហេតុការណ៍នោះបានកើតឡើង កាលពី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនអន្ធពាល៣នាក់ មិនដឹងជាផឹកស្រវឹងមកពីណានោះទេ បានជិះម៉ូតូ១គ្រឿងចូលទៅក្នុងវត្តសំបួរមាស រួចវា.យទាត់ធាក់សាមណេរ១អង្គ ដែលកំពុងគង់នៅក្រោមកុដិចាំមើលភ្លើង ដែលលោកតាអាចារ្យដុតគល់ឈើចោល ព្រោះខ្លាចឆេះរាលដល់កុដិ និងលំនៅដ្ឋានប្រជាពលរដ្ឋ ។
លុះពេលវា.យទាត់ធាត់សាមណេរអង្គនោះរួចហើយមិនអស់ចិត្តទេ ជនពាលទាំងនោះក៏បានស្រែកហៅសាមណេរ២អង្គទៀតឲ្យចុះពីលើកុដិ ហើយវា.យទាត់ធាក់បន្តទៀត បន្ទាប់មកទើបនាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ។
សាមណេររងគ្រោះមានចំនួន៣អង្គ ក្នុងនោះ១អង្គព្រះនាម យន់ មករា ព្រះជន្ម១៨ព្រះវស្សា គង់នៅក្នុងវត្តកើតហេតុនោះ ចំណែក២អង្គទៀតមិនទាន់ស្គាល់ព្រះនាមនៅឡើយ ។
បើតាមប្រជាពលរដ្ឋបាននិយាយថា នៅវេលាយប់នោះ មានសាមណេរ១អង្គបានគង់នៅក្រោមកុដិរង់ចាំមើលភ្លើងដែលលោកតាអាចារ្យដុតគល់ឈើងាប់ចោល នៅក្បែរកុដិនោះ ហើយដោយសារតែភ្លើងមិនទាន់រលត់ខ្លាចឆេះរាលដល់កុដិ និងលំនៅដ្ឋានប្រជាពលរដ្ឋ ទើបព្រះអង្គមិនទាន់ឡើងទៅសិងនៅលើកុដិ ។ ខណៈនោះស្រាប់តែមានជនពាលចំនួន៣នាក់ស្ថិតក្នុងស្ថានភាពស្រវឹងបានជិះម៉ូតូ១គ្រឿងឌុបគ្នាចូលទៅក្នុងវត្ត ហើយបានឈប់នៅក្បែរកុដិនោះ រួចស្រែកដេញឲ្យព្រះសាមណេរអង្គនោះចូលទៅសិងជាបន្ទាន់ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះព្រះអង្គបានតបវិញថា អាត្មាមិនទាន់ទៅសិងទេ នៅចាំមើលភ្លើងរលត់សិន ស្រាប់តែក្រុមជនសង្ស័យខាងលើចុះពីលើម៉ូតូ ដើរសំដៅមកទះកំផ្លៀង និងទាត់ធាក់ព្រះអង្គ ។ បន្ទាប់មកមិនអស់ចិត្តទេ ជនពាលក៏បានស្រែកហៅសាមណេរ២អង្គទៀត ដែលកំពុងតែសិងនៅលើកុដិឲ្យចុះមក ហើយបានវាយនិងទះកំផ្លៀងទៀត ហើយក្រោយវា.យរួចជននោះក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនចេញពីក្នុងវត្តបាត់អស់ទៅ ។
ដោយឡែក បន្ទាប់ពីទទួលដំណឹងថា មានជនអន្ធពាលចូលវា.យព្រះសង្ឃកាលពីយប់បែបនេះ ប្រជាពុទ្ធបរិស័ទច្រើននាក់រួមទាំងក្រុមគ្រួសារសាច់ញាតិព្រះអង្គផងបាននាំគ្នាទៅកាន់វត្តខាងលើ ដើម្បីសួរសុខទុក្ខព្រះសាមណេររងគ្រោះទាំងនោះ ។
ដោយឡែកនគរបាលប៉ុស្តិ៍ដង្កោ និងនគបាលខណ្ឌដង្កោក៏បានចុះទៅទីនោះធ្វើការស្រាវជ្រាវផងដែរ ។ បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយ និងកំពុងតាមចាប់២នាក់បន្តទៀត ប៉ុន្តែពុំបានបញ្ជាក់ថា តើសមត្ថកច្ចខាងណាជាអ្នកចាប់ឡើយ ៕