សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងរ៉ាវទំនាក់ទំនងជាមួយ សេង សារី ! លោក សេង សារី ធ្លាប់សុំលុយទៅអាមេរិក ដើម្បីចូលគៀកជាមួយ មួរ សុខហួ អេង ឆៃអ៊ាង និងសុំជួយបង្កើតគណបក្ស
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥, បើទោះបីសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសឡាវក៏ដោយ, សម្តេចបានស្តាប់បទសម្ភាសន៍រវាង លោក ចន្ទ័ ជុនបុត្រ ជាមួយលោក សេង សារី, ក្រោយពីបានស្តាប់សម្តេចតេជោ ហ៊ុន សែន សរសេរសាររៀបរាប់រឿងរ៉ាវអំពីទំនាក់ទំនងជាមួយលោក សេង សារី។
ខាងក្រោមជាខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គម៖
ខ្ញុំកំពុងស្ថិតនៅរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាសន៍រវាង លោក ចន្ទ័ ជុនបុត្រ ជាមួយលោក សេង សារី។
ខ្ញុំមានឯកសារជាអក្សរ ជាសម្លេងជាច្រើន រាប់ការនិយាយតាមទូរស័ព្ទដែល សេង សារី សុំលុយទៅអាមេរិក ដើម្បីចូលគៀកជាមួយ មួរ សុខហួ អេង ឆៃអ៊ាង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។
ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេង សារី មានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។
សម្លេងបែកធ្លាយនេះវាស្រាលណាស់ បើប្រៀបធៀបជាមួយសម្លេង និងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។
បើទោះ សេង សារី និយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏ សេង សារី ហៅ ខ្ញុំថាពុក រយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះ ដែលនៅជំពាក់គេ និងផ្តល់ឲ្យ សេង សារី នូវថវិកា១មុឺនដុល្លារក្នុងមួយខែរយៈពេល១២ខែ ស្មើ១២មុឺនដុល្លារនេះ មិនទាន់គិតពីថវិកាដែល សេង សារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស។
សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្ម ឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូនដូចជា កូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រ ពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថា ធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។
កូនសួរពុកថា តើធ្វើបែបណាទៀតពុក? ពុកប្រាប់ថា រកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។ បទសម្ភាសរបស់កូន គឺវាយទម្លាក់តម្លៃខ្លួនឯងទេ។ ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដ៏ទៃបាន តែកុំភូតខ្លួនឯង និងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕