សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាឡាវ ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ឡាវ
(វាងចន្ទន៍, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានបង្ហាញក្តីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ឡាវ ព្រមទាំងមានជំនឿចិត្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
ក្តីពេញចិត្តនេះ ត្រូវបានគូសរំលេចនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាឡាវ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនាពេលនេះ តបតាមការអញ្ជើញរបស់លោក។
លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការទុកចិត្ត និងការគាំទ្ររបស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ។
លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភានាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចបំពេញទស្សនកិច្ចផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់សម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានជូនពរប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកបដោយសិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល២០២៥។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងក្តីរីករាយដែលបានជួបប្រធានរដ្ឋសភាឡាវជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ក្នុងនាមជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះ លោកបណ្ឌិតប្រធានរដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទីជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។
សម្តេចតេជោ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងអរគុណ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនចំពោះ លោកប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅនាមហាសន្និបាត AIPA លើកទី៤៥។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។
សម្តេចតេជោ បានជម្រាបលោកបណ្ឌិតប្រធានរដ្ឋសភាឡាវ ពីការវិវឌ្ឍន៍នៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ពីភាពជោគជ័យនៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយ នៅឆ្នាំ២០២៣ ក្នុងពេលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយសម្តេច មិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរអំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ។
សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយរយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថា អ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជាជាប្រទេសផលិតសម្រាប់ការនាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សម្តេចតេជោ បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺការទូតសភាដែលជាការរួមចំណែកជាមួយរដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍ពិភពលោកស្មុគស្មាញ និងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសទាំងពីរ តាមស្មារតី «ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលសម្តេចបានបង្កើតឡើងពីឆ្នាំ២០១៩ ជាមួយលោក ថោងលន់ ស៊ីសុលីត និងចាត់ទុកថាជាជោគជ័យ និងផែនទីបង្ហាញផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ។ សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេចធ្វើជារដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល… ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។
ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចតេជា បានអញ្ជើញលោកប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខ។
ជាការឆ្លើយតប លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការវាយតម្លៃល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចែករំលែកពីស្ថានការណ៍របស់ប្រទេសកម្ពុជា។ លោក បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។
ប្រធានរដ្ឋសភាឡាវ បានសម្តែងក្តីរីករាយចំពោះស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជន សម្រេចបានសមិទ្ធផលលេចធ្លោ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
លោកបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍នៃប្រទេសឡាវ ដែលក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មានសន្តិភាព ស្ថិរភាព និងសម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦ភាគរយ នៅឆ្នាំ២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។
លោកប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថាទំនាក់ទំនងឡាវ-កម្ពុជា មានភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូន និងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។ លោក បានបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានបន្តសហការផ្លាស់ប្តូរទស្សនកិច្ចកម្រិតប្រតិភូជាន់ខ្ពស់ និងជំនាញ និងបន្តពូនជ្រំ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិផងដែរ។
ប្រធានរដ្ឋសភាឡាវ សង្ឃឹមថា កិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មទាំងពីរបន្ថែមទៀត។
សម្តេចតេជោ និងលោកបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ។
ចុងក្រោយនៃជំនួបលោកប្រធានរដ្ឋសភាឡាវ បានជូនពរសម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឡាវ៕