ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ, សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកបន្តវេនប្រទេសទាំងពីរ យកគំរូអ្នកដឹកនាំចាស់ ដើម្បីពង្រឹងទំនាក់ទំនិង និងកិច្ចសហប្រតិបត្តិការល្អ

(វៀងចន្ទន៍, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញអ្នកបន្តវេនរបស់កម្ពុជា និងឡាវ យកគំរូតាមអ្នកដឹកនាំចាស់ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។
សម្តេចតេជោ ហ៊ុន សែន គូសរំលេចបែបនេះនៅក្នុងជំនួបជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចលើទឹកដីឡាវ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោកនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ និងគណៈប្រតិភូ។ លោកនាយករដ្ឋមន្ត្រីឡាវ បានសម្តែងក្តីរីករាយ ដែលមានឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ លោកនៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។
តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ លោកនាយករដ្ឋមន្ត្រី បានសម្តែងការអរគុណគណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូល ACMECS លើកទី១០។
លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងជីវភាពប្រសើរឡើងជាជំហានៗជូនប្រជាជន។ លោក បានបន្ថែមថា កិត្យានុភាពរបស់កម្ពុជា កាន់តែល្អ នៅលើឆាកតំបន់ និងអន្តរជាតិ។ លោក ក៏បានផ្តាំផ្ញើការសួរសុខទុក្ខដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជូនពរសម្តេចមហាបវរធិបតី ប្រកបដោយសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការអភិវឌ្ឍប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ ដែលនេះជាដំណើរទស្សនកិច្ចដំបូងរបស់សម្តេចនៅប្រទេសឡាវ ក្នុងនាមប្រធានព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរនាយករដ្ឋមន្ត្រី នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា គណៈប្រតិភូរបស់សម្តេចនាពេលនេះរួមមាន តំណាងគណបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរលោកនាយករដ្ឋមន្ត្រី ចំពោះជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ដែលបានធ្វើឱ្យអាស៊ានមានសាមគ្គីភាព និងវឌ្ឍនភាព ទោះនៅក្នុងកាលៈទេសៈលំបាក។ សម្តេចតេជោ បានបន្តថា បើទោះបីជាសម្តេចមិនស្ថិតក្នុងរាជរដ្ឋាភិបាល សម្តេចមានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាបងប្អូនល្អនៃប្រទេសទាំងពីរ និងភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាងបក្ស សភា និងរដ្ឋាភិបាល ឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាអនុសាសន៍ថា ប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតាំងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំង ផ្នែកសន្តិសុខ និងការពារជាតិ។ សម្តេចតេជោ ក៏សង្ឃឹមថា ជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូបទពិសោធន៍អ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនាល្អរបស់ប្រទេសទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនឹងអនាគតកាល ដែលត្រូវខិតខំពូនជ្រំ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ និងបន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ។
ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ កំពុងដើរទៅមុខ ទោះយឺតតែមានភាពរឹងមាំ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ចជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឥឡូវឱកាសឱ្យឈានទៅមុខហើយ ត្រូវជំរុញបន្ថែម គ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យមានភាពលូតលាស់។

អត្ថបទដែលជាប់ទាក់ទង