ប្រធានរដ្ឋសភាជាតិឡាវ រៀបចំពិធីលៀងសាយភោជន៍ ជូនសម្តេចតេជោ និងគណៈប្រតិភូ ប្រកបដោយកិត្តិយស និងមេត្រីភាពយ៉ាងជ្រាលជ្រៅ

(វៀងចន្ទន៍, ឡាវ)៖ បន្ទាប់ពីបានអញ្ជើញដល់ជាមួយកម្មវិធីនៃជំនួបជាបន្តបន្ទាប់តាមរបៀបវារៈដែលបានកំណើតក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដីឡាវហើយនោះ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក បណ្ឌិត សាយ សំផន កូមិវិហាន ប្រធានរដ្ឋសភាជាតិឡាវ បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតូជាន់ខ្ពស់កម្ពុជា ប្រកបដោយកិត្តិយសយ៉ាងខ្ពស់ និងមេត្រីភាពយ៉ាងជ្រាលជ្រៅបំផុត នៅសណ្ឋាគារហូលីដេអីុន សណ្ឋាគារលំដាប់ខ្ពស់នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
មុនដំណើរការពិធីជប់លៀងនោះ មានរៀបចំពិធីកួចដៃជូនពរតាមប្រពៃណីជនជាតិឡាវ ជាកិច្ចជូនពរបវសួស្តីសិរីមង្គល ចំពោះសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទាំងអស់ក្នុងឱកាសមានវត្ថមានក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដីឡាវ ក្នុងរយៈពេលពីរថ្ងៃនេះ សូមជួបតែសេចក្តីសុខសុវត្ថិភាព និងជោគជ័យ។
ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ផ្លូវការនេះ លោកបណ្ឌិត សាយ សំផន កូមិវិហាន បានសម្តែងក្តីរីករាយក្រៃលែង និងកិត្តិយស ដ៏ខ្ពង់ខ្ពស់ដែលបានទទួលស្វាគមន៍សម្តេចតេជោជាលើកដំបូង បន្ទាប់ពីសម្តេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
លោកបានគូសបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ជាការរឹតចំណងមេត្រីភាព មិត្តភាព និងសាមគ្គីភាព ជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ក្នុងឋានៈជាប្រទេសភូមិផង របងជាមួយគ្នា និងមានទំនាក់ទំនងល្អទៅវិញទៅមក ជាពិសេសជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងរដ្ឋាភិបាល រដ្ឋភា ព្រឹទ្ធសភា និងប្រជាជននៃប្រទេសទាំងពីរ។
លោកបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃជំនួបទ្វេភាគីរវាង សម្តេចតេជោ និងលោកបណ្ឌិត ក្នុងថ្ងៃនេះ ដែលបានផ្តោតជាសំខាន់ទៅលើការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំងពីរ សភាទាំងពីរ និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងនាមគណបក្ស រដ្ឋាភិបាល ប្រជាជនឡាវ គ្រប់ជនជាតិ, លោកប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា រាជារដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រចំពោះបុព្វហេតុតស៊ូរបស់ប្រជាជនឡាវ ក្នុងពេលកន្លងមក និងបច្ចុប្បន្នលើការជ្រោមជ្រែងដល់ការកសាង និងអភិវឌ្ឍប្រទេសឡាវ។
ក្នុងនាមសភាជាតិឡាវ លោកបណ្ឌិត បានអរគុណចំពោះជំនួយរបស់កម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលព្រឹទ្ធសភាកម្ពុជា បានផ្តល់អាហារូបករណ៍ ដល់មន្ត្រីនៃសភាជាតិឡាវ ក៏ដូចជាជំនួយលើវិស័យផ្សេងៗទៀត ជាពិសេសការជួយគាំទ្រឡាវនៅក្របខណ្ឌតំបន់ និងអន្តរជាតិ។
ថ្លែងនៅក្នុងពិធីជប់លៀងផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិតប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានរៀបចំពិធីជប់លៀងសាយភោជន៍ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងកិតិ្តយសដល់គណៈប្រតិភូកម្ពុជានាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី ជាបងប្អូន និងយូរអង្វែងរវាងប្រជាជន និងប្រទេសយើងទាំងពីរ។
សម្តេចតេជោ បានបង្ហាញការជឿជាក់ថា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលប្រទេសទាំងពីរបានបង្កើតឡើងនៅឆ្នាំ២០១៩ នឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែមទៀត ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ នៅគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការពិភាក្សាយ៉ាងស៊ីជម្រៅក្នុងជំនួបរវាងសម្តេច និងលោកបណ្ឌិត ជាពិសេស ការឯកភាពគ្នាដើម្បីបន្តជំរុញឱ្យកាន់តែខ្លាំងឡើងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងស្ថាប័នអន្តរសភានានា ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាប្រជាជាតិនៅលើភពផែនដីទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងស្មារតីមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏ជិតស្និទ្ធ សភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយរដ្ឋសភាឡាវ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ផងដែរ សម្តេច រង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ នៅលើទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង