អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងណែនាំការងារមន្ទីរសាធារណការ ពន្លឿនដាក់របាំងពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំលោកអភិបាលរង លោកនាយក នាយករងរដ្ឋបាល មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណៈដែលក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្តចាប់តាំងពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត ម៉ែកសឺដែស ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រ ក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូង ចាប់ពីចំណុចស្តុបម៉ែកសឺដែស រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែមនៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះ ទើបបញ្ចប់ដោយសារផ្លូវសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មានប្រវែងវែងរហូតដល់៩គីឡូម៉ែត្រ ដែលទាមទារពេលវេលាវែងដើម្បីអនុវត្ត។ លោកប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមបើកបរទៅតាមល្បឿន ដែលបានកំណត់ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕