តុលាការអន្តរជាតិ ICC ថ្កោលទោសទណ្ឌកម្មអាមេរិកលើបុគ្គលិករបស់ខ្លួន, ប្តេជ្ញាបន្តផ្តល់យុត្តិធម៌

(ឡាអេ)៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានថ្កោលទោស ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើបុគ្គលិករបស់ខ្លួន ដោយចាត់ទុកថាជាការរារាំង ដល់ការងារស្វែងរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
ចំពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu កំពុងបំពេញទស្សនកិច្ចនៅទីក្រុង វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងរឹតត្បិតការធ្វើដំណើរលើបុគ្គលិក ICC ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតពលរដ្ឋអាមេរិកឬសម្ព័ន្ធមិត្ត។ នេះគឺជាការអនុវត្តឡើងវិញនូវគោលនយោបាយ ដែល លោកធ្លាប់បានអនុវត្តក្នុងអាណត្តិមុន និងជាប្រតិកម្មតបតទៅនឹងដីកាចាប់ខ្លួនលោក Netanyahu៕
ICC បានបញ្ជាក់ថា ទណ្ឌកម្មទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ខ្លួន ហើយបាន អំពាវនាវដល់រដ្ឋសមាជិកទាំង ១២៥ ប្រទេស «រួបបរួមគ្នា» ដើម្បីយុត្តិធម៌និងសិទ្ធិមនុស្ស។
«តុលាការឈរយ៉ាងរឹងមាំជាមួយបុគ្គលិករបស់ខ្លួន ហើយសន្យាថានឹងបន្តផ្តល់យុត្តិធម៌និង ក្តីសង្ឃឹម ដល់ជនរងគ្រោះស្លូតត្រង់រាប់លាននាក់ នៃអំពើឃោរឃៅនៅទូទាំងពិភពលោកក្នុងគ្រប់ស្ថានភាពទាំងអស់មុនពេលវាកើតឡើង» នេះបើតាមការបញ្ជាក់របស់តុលាការ។
គួរបញ្ជាក់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពាន ក្នុងករណីដែលរដ្ឋសមាជិកមិនអាចឬមិនមានឆន្ទៈ ក្នុងការកាត់ទោសដោយខ្លួនឯង។ តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយពលរដ្ឋនៃរដ្ឋសមាជិក ឬនៅលើទឹកដីនៃរដ្ឋសមាជិក៕

អត្ថបទដែលជាប់ទាក់ទង