លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេប្រផុង ក្នុងភូមិសាស្រ្តខេត្តកំពត

នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេប្រផុង ស្ថិតនៅឃុំវត្តអង្គខាងត្បូង និងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថា គម្រោងស្តារប្រឡាយមេប្រផុងបានចាប់ផ្តើមអនុវត្តកាលពីខែធ្នូ ឆ្នាំ២០២៤ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៥។ ការងារសំខាន់ៗរបស់គម្រោងមានដូចជា៖ ១)ស្តារប្រឡាយមេប្រផុង ប្រវែង ៣៥០០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យចំនួន ១២កន្លែង។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦២០ហិកតា រដូវប្រាំងចំនួន ៣១០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១២៥០គ្រួសារ ក្នុងភូមិចំនួន១១ នៃឃុំវត្តអង្គខាងត្បូង និងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង