អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ទីរសុខាភិបាលចូលបាញ់ថ្នាំសម្លាប់មូសដល់ក្នុងរបងផ្ទះប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរសង្កាត់ខណ្ឌ និងប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់មូសចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា គិតពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥មក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។
ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋទើបលោក ឃួង ស្រេង ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាលើកទី២ទៀត។
ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំដកបទពិសោធន៍ នៃដំណើរសាកល្បងផ្លូវថ្មើរជើងមាត់ទន្លេ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យបន្តទៀតថា លោក ឃួង ស្រេង តែងបានគិតគូរពីបញ្ហាសុខភាពសាធារណៈប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅដើមខែមករា ឆ្នាំ២០២៥កន្លងមកនេះ លោកបានណែនាំឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ហើយនៅដើមកុម្ភៈនេះដែរ លោកអភិបាលបានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាលើកទី២ទៀត ដោយសារមូសបានកើតមានឡើងវិញនិងមានចំនួនច្រើនទៀត ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសកន្លងមកនេះ គឺធ្វើទូរទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំកន្លងមកវាបានងាប់អស់ហើយ ប៉ុន្តែមូសដែលកើតមានបន្តបន្ទាប់នេះ គឺវាកើតចេញពីដង្កូវទឹកដែលមានទឹកនៅក្នុងលូ ប្រឡាយ អាងទឹក ឬបឹងដែលវាកើតចេញបន្ត។
លោកបន្តថា ដើម្បីកម្ចាត់ និងលុបបំបាត់មូសខ្លា សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការ ដោយធ្វើយ៉ាងណាកុំឱ្យមានទឹកដក់ កុំឱ្យព្រៃឬស្មៅដែលជាជម្រក ត្រូវកាប់ឆ្កាចេញអោយបានស្អាត៣០០ម៉ែត្រពីផ្ទះ បើមិនអញ្ចឹងទេ បាញ់ថ្នាំយ៉ាងណាក៏វាមិនងាប់មូសអស់ដែរ។
នៅពេលទទួលដំណឹងថា អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ទីរសុខាភិបាល ចូលបាញ់ថ្នាំសម្លាប់មូសដល់ក្នុងផ្ទះប្រជាពលរដ្ឋរាជធានីភ្នំពេញ បានសម្តែងនូវទឹកចិត្តរីករាយ និងសូមថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលកន្លងមកបានធ្វើឱ្យយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខុមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង