ក្មេ..ងទំនើង០៧នាក់ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបាន ពាក់ព័ន្ធករណីហិ..ង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន!

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ០៣និង៤៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ-ដុំថ្ម ធ្វើសកម្មភាពវាយកាប់ និងគប់គ្នាទៅវិញទៅមក នៅចំណុច ហាងបូហ្វេ យីហោ ហាយឡេាវ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន នៅវេលាម៉ោងប្រមាណ ១៦ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានក្មេងទំនើងចំនួន ០៧នាក់ រួមមាន ១-ឈ្មោះ ហុង ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ, ២-ឈ្មោះ ណាប់ ណុច ហៅ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ, ៣- ឈ្មោះ ឃឹម ចាន់ថេន ភេទប្រុស អាយុ២០ឆ្នាំ, ៤- ឈ្មោះ ជិត តាក់វង្ស ភេទប្រុស អាយុ២០ឆ្នាំ, ៥- ឈ្មោះ សុង វីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ, ៦- ឈ្មោះ ផាង តុលា ភេទប្រុស អាយុ២០ឆ្នាំ, ៧- ឈ្មោះ សិត ហុកសេង ភេទប្រុស ឆ្នាំអាយុ១៧ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ កាំបិតប៉័ងតោចំនួន០២ដើម រួមនឹងសម្ភារមួយចំនួនទៀត។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៧នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន ដោយខឹងភាគីម្ខាងទៀតបានយកដុំថ្មមកគប់លើក្រុមខ្លួន។ ក្រោយធ្វើតេស្តរកសារធាតុញៀនលើក្មេងទំនើងទាំងនោះ មានម្នាក់ឈ្មោះ សិត ហុកសេង (លទ្ធផលវិជ្ជមាន) ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។
ក្មេងទំនើងទាំង០៧នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

អត្ថបទដែលជាប់ទាក់ទង