លោក អ៊ុច ហ៊ីង អគ្គនាយករង អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករ នៅស្រុកស្អាង ខេត្តកណ្តាល
នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ុច ហ៊ីង អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រុមការងារអន្តរាគមន៍នៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែនដី និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។
សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះចំនួន ៤គ្រឿង ដើម្បីបូមទឹកពីទន្លេបាសាក់ និងព្រែកអំបិល យកទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះទឹកស្រោចស្រពប្រមាណ ៨៣០ហិកតា ក្នុងឃុំចំនួនពីរ នៃស្រុកស្អាង។ តាមស្ថានភាពជាក់ស្តែង ក្រុមការងារគ្រោងនឹងបន្តបូមទឹកជួយសម្រាប់រយៈពេលប្រមាណ ១ខែទៀត។
ក្នុងឱកាសនោះ លោកអគ្គនាយករង និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារអន្តរាគមន៍ចំនួន ២កន្លែងគឺ៖ ទី១)នៅចំណុចស្ពានទី៣០ ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ដែលក្រុមការងារកំពុងបូមយកទឹកពីទន្លេបាសាក់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តឥណ្ឌាកម្លាំង ៦៥សេះ ចំនួន ២គ្រឿង ដើម្បីបូមទឹកយកទៅស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៥៣០ហិកតា និងទី២)នៅតំបន់ព្រែកអំបិល ស្ថិតក្នុងឃុំព្រែក ស្រុកស្អាង ដែលក្រុមការងារកំពុងបូមយកទឹកពីព្រែកអំបិល ដោយប្រើប្រាស់ ម៉ាស៊ីនបូមទឹកចល័តឥណ្ឌាកម្លាំង ៦៥សេះ ចំនួន ២គ្រឿង ដើម្បីបូមទឹកយកទៅស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៣០០ហិកតា។
លោកអគ្គនាយករង បានណែនាំដល់ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ជួយសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋានឱ្យចូលរួមលើការងារថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមាននិរន្តរភាពបានយូរអង្វែង ព្រមទាំងចូលរួមប្រើប្រាស់ទឹកឱ្យមានលក្ខណៈសន្សំសំចៃខ្ពស់៕