រដ្ឋមន្ត្រីអប់រំ ៖ ការខិតខំប្រឹងប្រែងរបស់ប្រតិភូនៃអង្គការសប្បុរសធម៌ឡៃហ្គ័រ ពិតជាបានជះផលវិជ្ជមានដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ស្ថាបនិក អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ និងនាយកប្រចាំប្រទេស ដោយមានការចូលរួមពី គណៈប្រតិភូអង្គការសប្បុរសធម៌ឡៃហ្គ័រ ឯកឧត្តម លោកជំទាវ ថ្នាក់នាំក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធក្រោមឱវាទ។
សប្បុរសជន អង្គការ សប្បុរសធម៌ ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយសាងសង់សាលារៀន អគារ អន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាចំនួន ១០៣ នាក់ ក្នុងរយៈពេល ១២ឆ្នាំមកនេះ ឱ្យទទួលបានឱកាសសិក្សានៅ សាលាភាពជាអ្នកដឹកនាំ ឡៃហ្គឺ និងដោយឡែកសិស្សរបស់ឡៃហ្គឺ ចំនួន ៦០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សានៅតាមសាកលវិទ្យាល័យអន្តរជាតិ ចំនួន ១០ ប្រទេសផ្សេងៗគ្នាផងដែរ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ និងនាយកប្រចាំប្រទេស ដែលបានខិតខំប្រឹងប្រែង ជួយគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជននាពេលកន្លងមក ជាពិសេសឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូនៃអង្គការសប្បុរសធម៌ឡៃហ្គ័រ ពិតជាបានជះផលវិជ្ជមានដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាសក្ខីភាពនៃភាពជោគជ័យរបស់អង្គការ និងសង្ឃឹមជឿជាក់ថា ទោះបីជាមូលនិធិ Liger Charitable Foundation បានបញ្ចប់បេសកកម្មរបស់ខ្លួន និងជឿជាក់ថា មានឱកាសបន្តកិច្ចសហប្រតិបត្តិជាមួយគ្នាបន្តបន្ទាប់ទៀតនាពេលអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍយុវជនកម្ពុជាឱ្យទទួលបានចំណេះដឹង និងសមត្ថភាពខ្ពស់ ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះអង្គការ សប្បុរសធម៌ ឡៃហ្គ័រ ក្នុងការខិតខំប្រឹងប្រែង ជួយគាំទ្រដល់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់ជូននូវគ្រឿងឥស្សរិយយស ចំនួន ៣ គ្រឿង៖
មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Trevor Gile និងលោកស្រី Agnieszka Tynkiewicz-Gile ជាស្ថាបនិក អង្គការសប្បុរសធម៌ឡៃហ្គ័រ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ (Liger Leadership Academy)
មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ជូនលោក Dominic Sharpe ជានាយកប្រចាំប្រទេស អង្គការសប្បុរសធម៌ឡៃហ្គ័រ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ(Liger Leadership Academy) ៕