អភិបាលរងខេត្តកំពង់ចាម ៖ ការលើកកម្ពស់សុខភាព ជាការលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តកំពុងបន្តជំរុញការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ពលរដ្ឋម្នាក់ៗ ក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៩ អាណត្តទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម។
ឯកឧត្តម ហាន កុសល បានបញ្ជាក់ថា ខេត្តកំពង់ចាមកំពុងតែមកមើលញឹកក្នុងការអនុវត្តការជំរុញ ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះអនុវត្តឱ្យបានត្រឹមត្រូវអំពីវិធីនៃការថែទាំសុខភាពបឋម មុនពេលដែលពួកគាត់ឈឺធ្ងន់ធ្ងរ ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការចេះថែទាំសុខភាពបឋមនេះ មានសារៈសំខាន់ណាស់ ពីព្រោះថា ប្រសិនបើប្រជាពលរដ្ឋគាត់ចេះថែទាំសុខភាពបឋមដោយខ្លួនឯង ជំងឺផ្សេងៗនិងត្រូវកាត់បន្ថយ ហើយប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគាត់និងកើនឡើង។ ដូច្នេះការលើកកម្ពស់សុខភាព គឺជាការលើកកម្ពស់នូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។
ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ចំពោះចក្ខុវិស័យមួយនេះ បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងបន្តជំរុញ លើកកម្ពស់នូវសេវាសុខាភិបាល ជាពិសេសពាក់ព័ន្ធទៅនឹងការបម្រើសេវាសាធារណៈ លើវិស័យសុខាភិបាល ការទំនាក់ទំនង និងសេវាព្យាបាលសុខភាពនេះតែម្ដង ៕