សមត្ថកិច្ច បានធ្វើការបណ្តេញជនជាតិវៀតណាម ចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញ សរុបចំនួន៣៣០នាក់ (ស្រី៩២នាក់)
ខេត្តស្វាយរៀង ៖ សមត្ថកិច្ច បានធ្វើការបណ្តេញជនជាតិវៀតណាម ចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញ គិតចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៣៣០នាក់ (ស្រី៩២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្ល៍ មូលហេតុជនជាតិវៀតណាមទាំងនោះ លួចឆ្លងដែនចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើស (បទលួច បទប្រើប្រាស់ ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និងចរាចរណ៍អាវុធដោយខុសច្បាប់។ល។) ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបញ្ជូនទៅឲ្យតុលាការ អនុវត្តតាមនីតិវិធី និង ឃុំខ្លួននៅពន្ធនាគារ នៅពេលអនុវត្តទោសចប់ ក៏ត្រូវបណ្តេញចេញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈ ២០២៥នេះថា ការបណ្តេញជនជាតិវៀតណាម ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្ល៍ ខេត្តស្វាយរៀង គិតពីថ្ងៃទី១០ ខែមករា មកដល់ថ្ងៃទី១១ ខែកុម្ភៈនេះ មានចំនួន០៣លើកមកហើយ សរុប៣៣០នាក់ (ស្រី៩២នាក់) ។
ប្រភពថា កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២១៣នាក់ (ស្រី២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទលួច បទឆបោក និងបទលួចឆ្លងដែនខុសច្បាប់ បង្ខាំងមនុស្សខុសច្បាប់ និងកំហែងយក បទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បទហិ.ង្សាដោយចេតនា) ។
ប្រភពបន្តថា ថ្ងៃទី១០ ខែមករា ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
ប្រភពបន្តទៀតថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ៖ ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច) ដោយអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម នៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តពោធិសាត់ នៃអគ្គនាយកដ្ឋាននគបាលជាតិនិងមជ្ឈមណ្ឌលកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ៕