កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជា ៧៣នាក់មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម UN រយៈពេល១ឆ្នាំ នៅស៊ូដង់ខាងត្បូង
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញដោយ សុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងរយៈពេល១ឆ្នាំរួចមក។
ក្នុងពិធីសំណេះសំណាលនិងទទួលកងទ័ពមួកខៀវខាងលើនេះ ឯកឧត្តម ក៏បាននាំមកនូវការលផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តជាតិ។
ឯកឧត្តម សែម រតនា មានប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថមួកខៀវខាងលើនេះ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន និងទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ចដែលទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង (UNMISS) គឺកម្លាំងយើងបានបំពេញការងារ នៅតំបន់បេសកកម្ម គឺត្រួតពិនិត្យសំណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុងនិងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារៈកងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗ និងធ្វើបានបំពេញលើការងារមនុស្សធម៌ ដូចជាចែកអំណោយសម្ភារសិក្សា និងចែកទឹកស្អាតដល់ប្រជាជនស៊ូដង់ខាងត្បូង៕